(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុន-សហគ្រាស ចំនួន១៩ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលអាចមានលក្ខណៈបំភាន់ និងភូតកុហកអ្នកប្រើប្រាស់។
គោលបំណងចម្បង នៃកិច្ចប្រជុំនេះ គឺដើម្បីផ្តល់ឱកាសឲ្យក្រុមហ៊ុន-សហគ្រាសធ្វើការបំភ្លឺ និងផ្តល់អំណះអំណាងបន្ថែមលើខ្លឹមសារ នៃអត្ថបទផ្សាយពាណិជ្ជកម្ម ចំពោះផលិតផល និង សេវារបស់ខ្លួនពាក់ព័ន្ធនឹងកិច្ចការពារ អ្នកប្រើប្រាស់។
មុននឹងឈានដល់កិច្ចប្រជុំរវាង គ.ជ.ក.ប. និងក្រុមហ៊ុន-សហគ្រាសនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការរបស់ គ.ជ.ក.ប. បានប្រើប្រាស់យន្តការ សម្របសម្រួលជាមួយធុរជន ដែលបានធ្វើការផ្សាយ ពាណិជ្ជកម្មឬការ អះអាងនានា មានខ្លឹមសារបំភាន់ និងភូតកុហក ធ្វើឲ្យអ្នកប្រើប្រាស់ មានការភ័ន្តច្រឡំ ដោយបានណែនាំជាច្រើន លើកច្រើនសារ ដល់ធុរជនផ្ទាល់ ព្រមទាំងទុកពេលវេលា ឲ្យកែតម្រូវនូវអត្ថបទផ្សាយ ពាណិជ្ជកម្មរបស់ខ្លួន តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមការត្រួតពិនិត្យ មានការផ្សព្វផ្សាយលក់ផលិតផលរបស់ធុរជនមួយចំនួន នៅតែបំពានទៅនឹងច្បាប់ ទើបនៅថ្ងៃនេះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានកោះអញ្ជើញតំណាងស្របច្បាប់របស់ក្រុមហ៊ុន-សហគ្រាសទាំង១៩ ដើម្បីបកស្រាយបំភ្លឺចុងក្រោយ នៅចំពោះមុខគណៈកម្មធិការ មុននឹងឈានដល់ការចេញសេចក្តីសម្រេចចុងក្រោយ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ជ.ក.ប. បានគូសបញ្ជាក់បន្ថែមថា កន្លងមក គ.ជ.ក.ប. និងអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការរបស់ គ.ជ.ក.ប. បានខិតខំបំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ក្នុងបេសកកម្ម ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលបានប្រគល់ជូន។
លោករដ្ឋមន្ត្រី បានស្នើសុំឲ្យធុរជន ដែលប្រកបធុរកិច្ច នៅក្នុងប្រទេសកម្ពុជា ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ពីព្រោះការអនុវត្តច្បាប់ឲ្យទទួលបានប្រសិទ្ធភាព ទាមទារឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ និងជំរុញឲ្យការធ្វើពាណិជ្ជកម្មប្រកបដោយស្មោះត្រង់ និងសមធម៌៕