(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្ដែង ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្នុងស្ថានភាពដែលខេត្តមួយចំនួននៅកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្តី្រ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ និងក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែប និងស្នើឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អក្នុងក្របខណ្ឌ កិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌ
ដូចខាងក្រោម៖
* ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន
* ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
* ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់
* ការពន្យារឥណប្រតិទាន
* ការបន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន
* ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន (Bullet Loan)
* ការលើកលែង ឬ បន្ថយទ្រព្យធានា
* ការបន្ថយលក្ខខណ្ឌកិច្ចសន្យា និង/ឬ
* ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង (Grace period) ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
ទន្ទឹមនេះ ដើម្បីរួមចំណែកសម្រាលបន្ទុក ក៏ដូចជាជួយស្តារជីវភាពរបស់អ្នកខ្ចីប្រាក់ គ្រឹះស្ថានគួរពិចារណា ផ្តល់ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយការប្រាក់និងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥណទាននិង/ឬ លើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ជាដើម។
ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការអនុវត្ត ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អ្នកខ្ចីប្រាក់៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា៖