(កំពង់ស្ពឺ)៖ ចោរឆក់ដែលតែងធ្វើសកម្មភាពតាមដងផ្លូវជាតិលេខ៤១ ធ្វើឲ្យអ្នកដំណើរដួលរបួស និងស្លាប់កន្លងមក ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការចំនួន៣ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ នៅស្រុកសំរោងទង។
លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចោរឆក់ម្នាក់មានឈ្មោះ ឆន គីមហេង អាយុ២០ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកបន្តថា ដីការបស់តុលាការចំនួន៣ ដែលត្រូវបានចេញ ដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមចាប់រួមមាន៖
*ទី១៖ ដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ របស់លោក ខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួច (ឆក់ទូរស័ព្ទ) ប្រព្រឹត្តនៅភូមិត្រពាំងរកា ឃុំត្រពាំងគង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
*ទី២៖ ដីការបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ របស់លោក ខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី:លួច (ឆក់ទូរស័ព្ទ) នៅភូមិឧកញ្ញាទេព ឃុំត្រពាំងគង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
*ទី៣៖ ដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ របស់លោក ខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស នៅចំណុចត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។
លោកអធិការបានបញ្ជាក់ថា ជនម្នាក់នេះតែងតែធ្វើសកម្មភាពនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ជាពិសេសផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ និងផ្លូវជាលេខ៤១ ដែលមានករណីរងគ្រោះជាញឹកញាប់ ហើយចុងក្រោយរូបគេ ក៏ត្រូវបានក្រុមចោរផ្សេងលួចម៉ូតូយកទៅបាត់ផងដែរ៕