(ស្ទឹងត្រែង)៖ លោក ហង់ កុង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
ការជំរុញបែបនេះ របស់លោក ហង់ កុង បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីកិច្ចសហការនិងវិធានការការពារសន្តិសុខសុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោក ផាន់ ម៉េងឈឿន សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។
ថ្លែងក្នុងពេលបើកកិច្ចប្រជុំនៅចំពោះមុខអ្នកពាក់ព័ន្ធមានទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានលើកឡើងថា ដំណោះណើរការនៃការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីចូលរួមបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រ សម្រាប់ឆ្នាំ២០២៣ ខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ជ្រាប និងទទួលដំណឹងកាន់តែមានភាពផុសផុល អ្នកពាក់ព័ន្ធទាំងគណបក្សនយោបាយ អាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមផ្សព្វដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ឱ្យអញ្ជើញពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា។
លោក ហង់ កុង បានបញ្ជាក់ថា ការបោះឆ្នោតប្រព្រឹត្តទៅដោយឆ្លងកាត់នូវដំណាក់ធំៗចំនួនដំណាក់ទី១៖ គឺការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដំណាក់កាលទី២៖ ជាដំណាក់នៃការចុះបេក្ខជនឈរឈ្មោះ នៃគណបក្សនយោបាយ ដំណាក់កាលទី៣៖ ជាដំណាក់កាលនៃការឃោសនា និងដំណាក់កាលទី៤៖ ជាដំណាក់កាលបោះឆ្នោត និងបូកសរុបលទ្ធផលឆ្នោត។ ប៉ុន្តែបច្ចុប្បន្ននេះយើងកំពុងអនុវត្តជាដំណាក់កាលដែល សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះឆ្នោត។
គូសបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ចេញនូវប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅតាមឃុំសង្កាត់ និងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតបញ្ជប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
គួរំលឹកផងដែរថា កន្លងមកនេះ លេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានផ្តល់លិខិតអញ្ជើញក្នុងឃុំ-សង្កាត់ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សរុបទូទាំងខេត្តចំនួន៩០,៩៦៨សន្លឹក ចំនួនលិខិតដែលបានចែកទាំងសរុបទូទាំងខេត្តចំនួន ៧៧,៨២៥សន្លឹក ស្មើនឹង ៨៥.៥៥ភាគរយ៕