(សៀមរាប)៖ បច្ចុប្បន្នការចិញ្ចឹមឃ្មុំនៅក្នុងប្រទេសកម្ពុជាមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះដែរអ្នកប្រើប្រាស់ក៏មានចំនួនច្រើនដែរ។ ទន្ទឹមនឹងនោះការនាំចូលទឹកឃ្មុំពីបរទេសមួយផ្នែកធំ ដែលធ្វើឱ្យប៉ះពាល់ដល់ អ្នកចញ្ចឹមឃ្មុំ នៅក្នុងស្រុក។ អ្នកចិញ្ចឹមឃ្មុំនៅខេត្តសៀមរាប អំពាវនាវឱ្យពលរដ្ឋខ្មែរជួយគាំទ្រ និងលើកស្ទួយផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន។
លោក សាត សំជ្ញាន ម្ចាស់សិប្បកម្មសម្រស់ឃ្មុំខ្មែរ ដែលជាអ្នកបច្ចេកទេសចឹញ្ចឹម និងប្រមូលផលទឹកឃ្មុំ បានឱ្យដឹងថា កត្តាដែលជំរុញឱ្យលោកចាប់អាជីពជាអ្នកចិញ្ចឹមឃ្មុំមកពីគ្រួសារប្រជាពលរដ្ឋខ្មែរភាគច្រើនប្រើប្រាស់ទឹកឃ្មុំ សម្រាប់ធ្វើឱសថព្យាបាល ជំងឺក្អក ផ្តាសាយ នឹងពិបាករក ហើយទឹកឃ្មុំខ្លះមិនសុទ្ធទៀត។ ដូច្នេះហើយលោកគិតថា ទឹកឃ្មុំពិបាករកតែប្រសិនបើចិញ្ចឹមបាននឹងអាចមានចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ និងមានចំណាប់អារម្មណ៍ក្នុងការចិញ្ចឹមទៀត។ កត្តានេះហើយដែលធ្វើឱ្យលោកស្វះស្វែងរកគ្រប់វិធីសាស្រ្តចិញ្ចឹមឃ្មុំនៅតាមបណ្ដាញសង្គមនានា ហើយឃើញនៅបរទេសគេចិញ្ចឹមឃ្មុំដោយដាក់ជាធុងៗ និងមានការណែនាំ ពីមិត្តភក្តិឱ្យស្គាល់អ្នកចិញ្ចឹមឃ្មុំ ព្រមទាំងចុះទៅមើលដល់កសិដ្ឋានចិញ្ចឹមឃ្មុំមួយចំនួនផង។
ក្រោយមកលោក សាត សំជ្ញាន ក៏បានសិក្សាពីលទ្ធភាពក្នុងការចិញ្ចឹម និងសម្រេចចាប់អាជីពមួយនេះ។ លោក សំជ្ញាន បានព្យាយាមសិក្សាជាបន្តបន្ទាប់ និងរហូតដល់ក្លាយជាអ្នកចិញ្ចឹមឃ្មុំមួយរូប។ មកដល់សព្វថ្ងៃនេះ លោក សំជ្ញាន ចាប់ផ្តើមរបរចិញ្ចឹមឃ្មុំរយៈពេលជិត៤ឆ្នាំហើយ ចំពោះទីតាំងដែលលោកចិញ្វឹមនៅក្នុងខេត្តកំពង់ចាម ដោយខេត្តកំពង់ចាមសំបូរទីកន្លែងដែលអាចទាញយកផលបានច្រើន និងមានទីតាំងច្រើនទៀត។
លោក សាត សំជ្ញាន បានបន្តថា ចំពោះទឹកឃ្មុំដែលយកមកលក់នៅទីផ្សារ ភាគច្រើនទាញចេញពីទឹកដមផ្កាគរ ដោយគុណភាពល្អ ក្លិនក្រអូបប្រហើរ ពណ៌វាក៏ស្អាតលឿងថ្លាហើយក៏ពេញនិយមក្នុងការប្រើរបស់ប្រជាពលរដ្ឋ និងទុកបានយូរមិនងាយឡើងក្រាមទៀត។ ដោយឡែក ក្នុងមួយរដូវអាចទាញយកទឹកឃ្មុំចេញពីផ្កាគរបានជិត២ខែ ហើយអាចទាញយកទឹកឃ្មុំពី៣ទៅ៤ដងតាមរដូវផ្កាគររីក និងអាស្រ័យទៅលើអាកាសធាតុផងដែរ។ តួយ៉ាងដូចទៅនឹងឆ្នាំមុន ពេលផ្កាគរកំពុងតែងរីកក៏មានភ្លៀងធ្លាក់មួយមេធ្វើឱ្យផ្កាគរជ្រុះ ហើយការទាញយកទឹកឃ្មុំបានតិចដែរ។
ដោយឡែក សម្រាប់ឃ្មុំចិញ្ចឹម មុនប្រមូលផលត្រូវពិនិត្យគុណភាពរបស់វាល្មមនឹងប្រមូលផល ហើយត្រូវមានឧបករណ៍វាស់ជាតិទឹកត្រូវនឹងស្តង់ដារសិន ដោយជាតិទឹករបស់ទឹកឃ្មុំ គឺក្រោម២១ភាគរយ។ ជាពិសេស នៅពេលឃ្មុំពាំយកទឹកដមពីផ្កាយកមកដាក់ក្នុងសំបុកជាទូទៅទឹកវារាវ ដូច្នេះហើយវាត្រូវការពេលវេលាថែទាំ ពី៧ថ្ងៃ ទៅ១០ថ្ងៃ ទើបទឹកឃ្មុំចាស់បានបានល្អ។ នេះជាការពន្យល់របស់លោក សាត សំជ្ញាន។
លោក សាត សំជ្ញាន បានបន្តទៀតថា ទឹកឃ្មុំដែលលោកយកមកដាក់នៅទីផ្សារជាប្រភេទទឹកឃ្មុំឆៅ ចំពោះទឹកឃ្មុំឆៅដោយគ្រាន់តែសម្អាត និងពិនិត្យគុណភាពវារួចច្រកដបលក់។ ហើយការប្រមូលផលទឹកឃ្មុំលក់ក៏គិតពីអនាម័យជាចម្បងផងដែរ ដោយត្រូវមើលធុងដែលដាក់ឃ្មុំអនាម័យប្រចាំ និងឃ្មុំមានជំងឺឬអត់។ ត្រង់នេះលោកគិតថា វាមានអនាម័យខ្ពស់ជាងអ្នកយកឃ្មុំព្រៃ។ ចំពោះការទឹកឃ្មុំ ដែលមានគុណភាពល្អនោះ គឺប្រើប្រាស់មុនរយៈពេល២ឆ្នាំ តែប្រសិនបើទុកលើស២ឆ្នាំឡើងទៅក៏មិនមានគ្រោះថ្នាក់អ្វីដែរ គ្រាន់តែជាតិរ៉ែ និងវីតាមីនមួយចំនួននៅក្នុងទឹកឃ្មុំវាអាចបាត់បង់ ប៉ុន្តែទឹកឃ្មុំមិនខូចនោះទេ។
ទន្ទឹមនឹងនេះដែរ លោក សាត សំជ្ញាន បានលើកថា ចំពោះការប្រើប្រាស់វិញ ពលរដ្ឋខ្លះប្រើទាក់ទងជាមួយភេសជ្ជៈ ពលរដ្ឋខ្លះប្រើដើម្បីជំនួយសុខភាព និងពលរដ្ឋខ្លះទៀតមានជំនឿថា ការប្រើប្រាស់ទឹកឃ្មុំធ្វើឱ្យគាត់ក្មេងជាងវ័យ។ បើតាមការស្រាវជ្រាវទឹកឃ្មុំអាចជួយអាចជួយកិច្ចការទាំងនេះមែន ដោយជួយកែតម្រូវកោសិកាខូច ដូច្នេះហើយវារួមចំណែកថែវ័យឱ្យនៅក្មេង និងខ្លះទៀតប្រើប្រាស់ដើម្បីសម្រួលដល់ការផ្ដាសាយ ក្អក នៅពេលផឹកទឹកឃ្មុំអាចកាត់បន្ថយការបានមួយកម្រិតផងដែរ។ ប្រជាពលរដ្ឋក៏មានចំណេះដឹងក្នុងការប្រើប្រាស់ទឹកឃ្មុំ ប៉ុន្តែគាត់មិនទម្លាប់ប្រើប្រាស់ជាប្រចាំនោះទេ ដោយខុសពីបរទេសគាត់ប្រើជាប្រចាំ សឹងពេលខ្លះគាត់ប្រើជំនួសស្ករក៏មានដែរ។
បច្ចុប្បន្ននេះ លោក សាត សំជ្ញាន ម្ចាស់សិប្បកម្មសម្រស់ឃ្មុំខ្មែរ បានចរាចរណ៍លក់ទឹកឃ្មុំនៅផ្សារកសិផលធម្មជាតិ ផ្សារទំនើបមួយចំនួនទៀតក្នុងក្រុងសៀមរាប និងលក់តាមអនឡាញ ដោយក្នុង១ដបកន្លះលីត្រតម្លៃ៤ម៉ឺនរៀល ហើយក្នុងមួយខែលោកលក់ទឹកឃ្មុំបានចំនួនប្រមាណ១៥០ដប ព្រមទាំងមានការគាំទ្រពីអតិថិជននៅតាមបណ្ដាខេត្តមួយចំនួន។
ម្ចាស់សិប្បកម្មសម្រស់ឃ្មុំខ្មែររូបនេះបានបញ្ជាក់ថា ទឹកឃ្មុំដែលលោកយកមកលក់ មានទាំងចេញពីផ្កាគរ និងផ្កាចម្រុះ មានដូចជាផ្កាកៅស៊ូ ផ្កាទុរេន ផ្កាស្វាយចន្ទី និងផ្កាមាន។
ជាមួយនេះដែរ លោក សាត សំជ្ញាន ចង់ឱ្យប្រជាពលរដ្ឋខ្មែរងាកមកជួយគាំទ្រផលិតផលនៅក្នុងស្រុក ដើម្បីលើកស្ទួយផលិតផលខ្មែរ និងជួយដល់ប្រជាកសិករមានការងារធ្វើ ព្រមទាំងជៀសវាងការចំណាកស្រុកខុសច្បាប់ផងដែរ៕