(កំពង់ឆ្នាំង)៖ ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៦ភូមិ មកពីឃុំ៣ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សរុប២០៦គ្រួសារ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង កាលព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
អំណោយជាគ្រឿងឧបភោគ បរិភោគរបស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង ត្រូវបានលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោកស្រី កែ ច័ន្ទមុន្នី អនុប្រធាន កិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោក អ៊ុក ពញ្ញា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង, លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ, អាជ្ញាធរមូលដ្ឋាន និងក្រុមការងារកាកបាទក្រហមខេត្ត ចុះចែកជូនដល់ប្រជាពលរដ្ឋគ្រួសាររងគ្រោះដោយផ្ទាល់ នៅក្នុងភូមិឧទ្ទម្ពរ ឃុំស្វាយជ្រុំ និងនៅភូមិព្រែកសាលាឃុំទឹកហូត ស្រុករលាប្អៀរ។
នៅក្នុងពិធីចែកអំណោយខាងលើនេះលោកស្រី កែ ច័ន្ទមុនី និងលោក ស៊ុន សុវណ្ណារិទ្ធិ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចសុំឲ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវថែទាំសុខភាពក្នុងក្រុមគ្រួសារដោយប្រុងប្រយ័ត្នកូនចៅតូចៗ ខណៈដែលទឹកជំនន់កំពុងតែលិចភូមិឋានរបស់បងប្អូន ពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះអាកាសធាតុព្យុះភ្លៀង និងខ្យល់កន្ត្រាក់ដែលកម្ពុជា យើងកំពុងតែរងនូវឥទ្ធិពលគ្រោះធម្មជាតិ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរនៅគ្រប់មូលដ្ឋាន ស្ថិតក្នុងកាលៈទេសៈដែលពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់នៅក្នុងមូលដ្ឋាន ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវមើលអំពីសុខទុក្ខរបស់ពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ចំពោះពលរដ្ឋដែលជួបការលំបាក រឿងខ្វះខាតស្បៀង ត្រូវរួសរាន់ដោះស្រាយជូនពួកគាត់ ករណីដែលអាជ្ញាធរមូលដ្ឋានមិនមានលទ្ធភាពត្រូវតែប្រញាប់រាយការណ៍ជូនមកថ្នាក់លើជាបន្ទាន់ ដើម្បីក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ស្រុក ខេត្ត នាំយកនូវគ្រឿងឧបភោគ បរិភោគ ទៅដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
ដោយឡែកលោក ប្រាក់ សោភ័ណ្ឌ ប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ការចែកអំណោយកា កបាទក្រហមខេត្តវេលាព្រឹកមិញនេះគឺបានធ្វើឡើងនៅ ២កន្លែង ទីមួយនៅវត្តឧទុម្ពរ ដោយមានប្រជាពលរដ្ឋរង គ្រោះចំនួន៩៩គ្រួសារ មកពីភូមិចំនួន៤ភូមិ គឺភូមិកំពង់រាំង និងភូមិកោះកែវ ក្នុងឃុំស្វាយជ្រុំ, ចំណែក២ភូមិទៀត គឺភូមិថ្នល់តាសែង និងភូមិក្រពើពុល ស្ថិតក្នុងឃុំភ្នំក្រាំងដីមាស។
ទីតាំងទី២ ចែកនៅក្នុងសាលាបឋមសិក្សាព្រែកសាលាជូនប្រជាពលរដ្ឋ២ភូមិ គឺភូមិព្រែករាំង និងភូមិព្រែកសាលា ស្ថិតក្នុងឃុំទឹកហូត សរុបចំនួន១០៧គ្រួសារ។ អំណោយចែកជូនពលរដ្ឋទាំង២ទីតាំងខាងលើនេះ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករមួយបេ៣០គីឡូ មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវ១យួរ ឃីតមួយកញ្ចប់ និងថវិកា២ម៉ឺនរៀល។ ចំណែកកុមារាកុមារីជាសិស្សសាលាប្រមាណ៧០នាក់ ក្នុងម្នាក់ៗទទួលបាន៤ពាន់រៀលផងដែរ៕