(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៨៨គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ២៥៣គ្រឿង និងរថយន្ត ៣៥គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី១៨ ខែតុលា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣០,០៦៣គ្រឿង ក្នុងនោះមានម៉ូតូ ១០៤,៣៧៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៥,៦៩០គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា បត់ជែង និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ឆៀក ខ្សែក្រវ៉ាត់ អាជីវកម្ម ល្មើសល្បឿន ឆៀក និងអត់ស្លាកលេខជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៧លើក ក្នុងនោះស្លាប់ចំនួន ០៤នាក់ របួសចំនួន ០៧នាក់ (របួសធ្ងន់ ០៧នាក់)។ រយៈពេល២៩១ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៤១០លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៤០៤នាក់ របួស ៣,៣៥២នាក់ (របួសធ្ងន់ ២,១១៦នាក់)៕