(ព្រះសីហនុ​)៖​ លោក​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យការដាក់ពង្រាយធុងសំរាមសម្រាប់ដាក់សំរាមស្ងួតចំនួន១០ធុង និងដាក់ពង្រាយធុងសំរាមមានសំណើម១០ធុងបន្ថែមទៀតនៅតាមបណ្តោយឆ្នេរអូរឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សកម្មភាពនេះធ្វើឡើងនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងនោះលោកអភិបាលខេត្តបានបញ្ជាក់ថា ការដាក់ពង្រាយធុងសំរាមសម្រាប់ដាក់សំបកដប និងសំបកកំប៉ុងនេះ ដើម្បីឱ្យភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលពួកគាត់កាន់ដបទឹកដើរកម្សាន្តតាមឆ្នេរ ក៏ដូចជាអ្នកដែលចុះងូតទឹកពិសារទឹកអស់អាចយកមកដាក់នៅក្នុងធុង ចៀសវាងការបោះចោលលើឆ្នេរបង្កឱ្យបាត់បង់សោភ័ណភាព បរិស្ថានឆ្នេរស្អាត។

លោកបានសង្កេតឃើញថា ការចុះពិនិត្យមើលការពង្រាយធុងសំរាមនេះ ប្រជាពលរដ្ឋពួកគាត់នៅតែខ្វះការយល់ដឹង ទោះបីរដ្ឋបាលក្រុង/ខេត្តបានសរសេរអក្សរយ៉ាងណាក៏ដោយ តែពួកគាត់នៅតែមិននាំគ្នាចូលរួមសហការ ពួកគាត់នៅតែបោះកាកសំណល់ចំណីអាហារចូលទៅក្នុងធុងស្ងួត (សំបកដប សំបកកំប៉ុង) ដដែលជាដដែល ធ្វើឱ្យខ្សាច់ឡើងខ្មៅប៉ះពាល់ដល់បរិស្ថានថែមទៀតផង។

លោកអភិបាលខេត្ត គួច ចំរើន បានបន្តថា ការពង្រាយនេះជាការសាកល្បងបើប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនៅតែមិនចូលរួមសហការទេ ត្រូវលើកយកធុងដាក់សំបកដប សំបកកំប៉ុងចេញពីឆ្នេរវិញ។

នៅរសៀល​ដដែល​ អភិបាលខេត្តក៏បានបន្តទៅពិនិត្យសកម្មភាពកាយខ្សាច់សមុទ្រ ដើម្បីចាក់ទប់គល់ស្ងាវនៅតាមបណ្តោយឆ្នេរអូរត្រេះ កុំឱ្យបាក់រលំចូលសមុទ្រដោយសាររលកបោកបក់នាំយកខ្សាច់ហូរចូលទៅសមុទ្រ ធ្វើឱ្យគល់ស្ងាវឫសឡើងលើប្រឈមនឹងខ្យល់បោកបក់រលំចូលទៅសមុទ្រ។ ត្រង់ចំណុចនេះសូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តព្រះសីហនុបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដាំដុះកូនស្ងាវឡើងវិញនៅតាមបណ្តោយឆ្នេរអូរឈើទាលរហូតដល់ឆ្នេរអូរត្រេះ៕