(សៀមរាប)៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៣៤៥៤ គ្រួសារ នៅស្រុកក្រឡាញ់ និងស្រុកស្រីស្នំ បានទទួលអំណោយពីរាជរដ្ឋាភិបាល។ ក្នុងនោះដែរ ប្រជាពលរដ្ឋមកពីឃុំទាំង១០ក្នុងស្រុកក្រឡាញ់ ចំនួន១០០០ពាន់គ្រួសារ ដែលរងគ្រោះទឹកជំនន់នាពេលកន្លងមក និងប្រជាពលរដ្ឋមកពីឃុំទាំង៦ ក្នុងស្រុកស្រីស្នំ មានចំនួន ១,៤៥៤គ្រួសារ បានទទួលយកពូជស្រូវសម្រាប់ធ្វើស្ដារឡើងវិញ ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំត្រាំសសរ ចំនួន១,០០០គ្រួសារទៀតក៏បានទទួលស្បៀងអាហារផងដែរ។

ក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋមកពីស្រុកក្រឡាញ់ និងស្រុកស្រីស្នំ នាថ្ងៃ១៧ ខែតុលា ឆ្នាំ២០២២ ក៏មានការចូលរួមពីលោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជាការពាក់ព័ន្ធជុំវិញខេត្តចូលរួមផងដែរ។

អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានសម្តែងការសោកស្តាយ និងចាត់ទុកថានេះជាគ្រោះមហន្តរាយដោយធម្មជាតិ ដែលធ្វើអោយមានការខាតបង់ទ្រព្យសម្បត្តិខូចខាតនូវផលដំណាំ ផ្ទះសម្បែង ព្រមទាំងមានផលប៉ះពាល់ដល់សុខភាព អនាម័យបរិស្ថាន នៅក្នុងសហគមន៍ផងដែរ។ ចំពោះគ្រោះមហន្តរាយដោយធម្មជាតិនេះ គឺមិនបានដឹងមុននោះឡើយ ដូច្នេះហើយ សូមប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងប្រកបមុខរបបន្តទៀត ដើម្បីដោះជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសទៅលើអនាម័យ លើចំណីអាហារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗផងដែរ។

លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីជួយដោះស្រាយរាល់ទុក្ខធុរៈ និងបញ្ហានានាជូនប្រជាពលរដ្ឋឲ្យបានល្អ ដែលកន្លងមកពួកគាត់បានជឿជាក់លើរាជរដ្ឋាភិបាល។ លោកទេសរដ្ឋមន្ត្រី ក៏បាននាំយកនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមាននៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែយកចិត្តទុកដាក់ និងនឹករលឹកជានិច្ចចំពោះបងប្អូនគ្រប់រូប គ្រប់ពេលវេលា បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានរំលេចនូវគុណតម្លៃនៃសុខសន្តិភាព ដែលកំពុងគ្របដណ្តប់លើដែនដីកម្ពុជានាពេលបច្ចុប្បន្ន អ្វីៗដែលពលរដ្ឋទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជា មានសន្តិភាព។ ដូច្នេះហើយ ត្រូវរួមគ្នាថែរក្សាចំពោះសុខសន្តិភាព និងត្រូវដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសុខសន្តិភាពផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់សរុបចំនួន ១,០០០គ្រួសារ មានមកពីឃុំទាំង១០ នៃស្រុកក្រឡាញ់ ដែលត្រូវទទួលស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល រួមមាន ឃុំសំបួរ ឃុំតាអាន ឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ ឃុំស្រណាល ឃុំរោងគោ ឃុំស្នួល ឃុំក្រូចគរ ឃុំសែនសុខ ឃុំចន្លាស់ដៃ។ ដោយអំណោយទទួលបានក្នុង ១គ្រួសារ មានអង្ករ ២៤គ.ក មីថៃ ១កែស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ និងទឹកសុទ្ធវីតាល់ ១កែស។

នៅក្នុងកម្មវិធីនេះដែរ ក៏មានការចែកស្រូវពូជដល់ពលរដ្ឋនៅស្រុកក្រឡញ់ ដើម្បីស្ដារវិស័យកសិកម្មឡើងវិញ ខណៈទឹកបានចាប់ផ្តើមស្រកជាបណ្ដើរៗហើយ។ ក្រៅពីនេះ ក៏មានការចែកស្បៀង ដល់ពលរដ្ឋនៅស្រុកស្រីស្នំ ដែលដាច់ស្បៀងក្នុងកំឡុងពេលមានជំនន់ទឹកភ្លៀងផងដែរ ដែលសរុបមានចំនួន ៥,៥៣៦គ្រួសារ៕