Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីកសិកម្ម៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកថា កម្ពុជាពិតជានៅមានសក្តានុពលធនធានព្រៃឈើដ៏មហាសាលនៅឡើយ

10-06-2016 07:56

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ បានរួមដំណើរជាមួយ លោកស្រី Catherine A. Novelli អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក និងលោក William A. Heidt អគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា ចុះពិនិត្យតំបន់ព្រៃឡង់ ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ។

លោក វេង សាខុន បានសរសរបញ្ជាក់ពីដំណើរ ចុះពិនិត្យមើលព្រៃឡង់ តាមរយៈ Facebook របស់លោកនៅព្រឹកថ្ងៃទី១០ ខែមិថុនានេះថា ក្រៅពីតែការចុះពិនិត្យមើលព្រៃឡង់ លោកស្រី Catherine A. Novelli អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ក៏ផ្តោតការយកចិត្តទុកដាក់ ពិនិត្យមើលការរីកចម្រើន តំបន់សហគមន៍អភិរក្សសត្វព្រៃ និងព្រៃឈើឆែប នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលឧបត្ថម្ភគាំទ្រ ដោយសហរដ្ឋអាមេរិកផងដែរ។

លោករដ្ឋមន្ត្រី វេង សាខុន បានសរសេរបញ្ជាក់យ៉ាងដូច្នេះទៀតថា «នៅក្នុងដំណើរទស្សនៈកិច្ចនេះ លោកជំទាវអនុរដ្ឋមន្រ្តី មានចំណាប់អារម្មណ៍ថា៖ ១) កម្ពុជាពិតជាមានសក្តានុពល កសិកម្មធំធេងណាស់។ ២) កម្ពុជាពិតនៅមានសក្តានុពល ធនធានព្រៃឈើដ៏មហាសាលនៅឡើយ និង ៣) អរគុណចំពោះប្រជាសហគមន៍ ក៏ដូចជាប្រជាជនកម្ពុជា ដែលបានជួយថែរក្សាធនធានព្រៃឈើ និងសត្វព្រៃដែលនៅសេសសស់ ដើម្បីជាប្រយោជន៍របស់ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល»

សូមជម្រាបថា លោកស្រី Catherine Novelli អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និង បរិស្ថាន បានធ្វើដំណើរមកទស្សកិច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែមិថុនាឆ្នាំ២០១៦ បន្ទាប់ពីលោកស្រី បានបញ្ចប់កិច្ចពិភាក្សាលើកទី៨ ផ្នែកសេដ្ឋកិច្ច ជាយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំង៕