ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូនល្អ និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ល្អ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

តាមរយៈសេចក្តីណែនាំរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា វិធានការទាំងនេះរួមមាន៖

ទី១៖ លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប ត្រូវសហការ និងពិគ្រោះយោបល់ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្នុងការរៀបចំកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងចាត់វិធានការចាំបាច់នានា ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ផែនការអន្តរស្ថាប័នលេខ ០១០ ផ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ព្រមទាំងផែនការសកម្មភាពរបស់គណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ក៏ដូចជាសេចក្តីណែនាំផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការងារសន្តិសុខបោះឆ្នោត។

ទី២៖ លធ.ខប កបឃ.ស និង ក.ច.ប នីមួយៗ ត្រូវពង្រឹងកិច្ចសហការការងារឱ្យបានជាប្រចាំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ពិសេសកម្លាំងប្រចាំការត្រៀមនៅតាមរាជធានី ខេត្ត កម្លាំងត្រៀមអន្តរាគមន៍ក្នុងភូមិសាស្ត្រខាងក្រៅនៃក្រុង ស្រុក ខណ្ឌនីមួយៗ និងកម្លំាងនគរបាលការពារនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗ ដែលមានទីតាំងនៅតាមសាលាឃុំ សង្កាត់ ឬចល័តទៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ផ្អែកតាមផែនការដែលបានកំណត់។

ទី៣៖ លធ.ខប កបឃ.ស និង ក.ច.ប នីមួយៗ ត្រូវយកចិត្តទុកដាក់តាមដាន និងក្តាប់ជាប់សភាពការណ៍ សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យបានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗទៀត និងក្នុងករណីកើតមានអគ្គិភ័យ ឬបញ្ហាសុខភាពផ្សេងៗ ដែលធ្វើឱ្យរំាងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ទី៤៖ លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប លធ.ខប កបឃ.ស និង ក.ច.ប នីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តតាមវិធានការសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវចូលរួមផ្សព្វផ្សាយ និងណែនាំអំពីវិធានការសុខាភិបាលដល់កម្លាំងប្រតិបត្តិការទំាងអស់ដែលបានចូលរួម ព្រមទំាងប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ «៣ការពារ និង៣កុំ» ដើម្បីបញ្ចៀសឱ្យបានពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

ទី៥៖ ចាប់ពីពេលនេះ រហូតដល់បញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ លធ.ខប នីមួយៗត្រូវស្នើសុំកិច្ចសហការពីអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំកិច្ចប្រជុំចម្រុះដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ក្នុងមួយខែម្តង ឬពីរដងតាមការចាំបាច់ និងអាចកោះប្រជុំជាវិសាមញ្ញ ក្នុងគោលបំណងពិភាក្សាលើការងារសន្តិសុខ និងការចាត់វិធានការចាំបាច់ផ្សេងៗ សំដៅកាត់បន្ថយឱ្យបាននូវរាល់បញ្ហាទំនាស់ ឬការប្រឈមនានា ដែលបានកើតឡើង ដោយត្រូវស្វែងរកដំណោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។

សមាសភាពដែលត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាខាងលើរួមមាន៖

*ប្រធាន លធ.ខប ជាសហប្រធាន
*អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ឬតំណាងជាសហប្រធាន
*ស្នងការនគរបាលរាជធានី ខេត្ត ឬតំណាង ជាសមាជិក
*មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ឬតំណាង ជាសមាជិក
*តំណាងគណបក្សនយោបាយប្រចាំរាជធានី ខេត្ត ជាសមាជិក
*តំណាងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធប្រចាំរាជធានី ខេត្ត ជាសមាជិក
*អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ (ប្រសិនបើមាន) ជាសមាជិក ឬ/និង
*មន្រ្តីតំណាងរបស់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប តាមការចាត់តាំង ឬក៏ភាគីពាក់ព័ន្ធផ្សេងទៀតមួយចំនួនតាមការចាំបាច់។

និងទី៦៖ លធ.ខប នីមួយៗ ត្រូវធ្វើរបាយការណ៍ជាប្រចាំជុំវិញស្ថានការណ៍សន្តិសុខជាទូទៅ ដែលបានកើតឡើងនៅរាជធានី ខេត្តនីមួយៗ ក្នុងអំឡុងពេលនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីផ្ញើជូនលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប ឱ្យបានទៀងទាត់ និងរាយការណ៍មក គ.ជ.ប ជូនជ្រាប។ ក្នុងករណីចាំបាច់ លធ.ខប នីមួយៗ ត្រូវរាយការណ៍ដោយផ្ទាល់ជូនប្រធានលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប ដើម្បីស្នើសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ គ.ជ.ប និងមានវិធានការដោះស្រាយបានទាន់ពេលវេលា និងស្របតាមនីតិវិធី៕