(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីអំពាវនាវ ស្ដីពី ការលើកទឹកចិត្ត ដល់សិស្សានុសិស្ស ក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ នេះបើតាមសេចក្ដីអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ទាំងអស់យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងសូមជូនពរឲ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ»។
នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈនិងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល លោកសូមអំពាវនាវ និងលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក។
ជាថ្មីម្ដងទៀត លោកសូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ទទួលបានជោគជ័យក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យរយៈពេលវែង និងប្រែក្លាយជាប្រទេសអភិវឌ្ឍន៍នាពេលអនាគត៕