(ហាណូយ)៖ រដ្ឋសភាជាតិវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ការបោះឆ្នោតថ្នាក់ជាតិរបស់ខ្លួន នៅក្នុងខែឧសភា គឺជាភាពជោគជ័យមួយ ដោយលើកសំអាងថា មានមនុស្ស៩៩,៣៥ ភាគរយបានទៅបោះឆ្នោត ខណៈខ្លួនបានច្រាលចោលការចោទប្រកាន់ ថាមានការបោះឆ្នោតជំនួស។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦។
ក្រុមមន្ត្រីជាន់ខ្ពស់ បានប្រាប់ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន នៃការប្រកាសលទ្ធផលបោះឆ្នោតថា មានមនុស្សជាង៦៧លាននាក់ បានទៅបោះឆ្នោតសភាវៀតណាម នៅថ្ងៃទី២២ ខែឧសភាកន្លងទៅ។ «ការបោះឆ្នោតបានទទួលភាពជោគជ័យ យ៉ាងត្រចះត្រចង់, ធានាបាននូវលទ្ធិប្រជាធិបតេយ្យ, តម្លាភាព, ស្របច្បាប់ និងមានប្រសិទ្ធភាព, ពិតៗដែលបានធ្វើឡើងដោយប្រជាជន»។ នេះបើតាមសម្តីលោក Phung Quoc Hien អនុប្រធានសភាជាតិវៀតណាម បានលើកឡើង។
ចំនួនអ្នកទៅចូលរួមបោះឆ្នោត នៅក្នុងប្រទេសវៀតណាម កម្រធ្លាក់ចុះទាបជាង៩៩ភាគរយណាស់ ចាប់តាំងពីឆ្នាំ១៩៩២ ដែលតួលេខនេះ ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកបានលើកឡើងថា «មិនគួរឲ្យជឿ» នៅក្នុងរបាយការណ៍សិទ្ធិមនុស្ស ប្រចាំឆ្នាំរបស់ខ្លួន។ ការបោះឆ្នោតនេះ ត្រូវបានរំខានផងដែរ ដោយការចោទប្រកាន់ ថាមានការបោះឆ្នោតជំនួស ដែលអ្នកបោះឆ្នោតម្នាក់ អាចបោះឆ្នោតក្នុងនាមជាមនុស្សម្នាក់ទៀត នៃសមាជិកគ្រួសាររបស់ពួកគេ។
តំណាងរាស្ត្រ៤៩៦នាក់ ត្រូវបានបោះឆ្នោត ជ្រើសតាំងសម្រាប់៥០០អសនៈ នៅក្នុងរដ្ឋសភា ជាមួយនឹងកៅអី៤នៅទំនេរ ដោយសារតំណាងរាស្ត្រ នៅខេត្តមួយចំនួន មិនអាចទទួល បានសំឡេង៥០ភាគរយ នៃការបោះឆ្នោត៕