(សៀមរាប)៖ ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានសរសេរលិខិតមួយថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយរកយុត្តិធម៌ដល់ពួកគាត់។
លោក គង់ សារុន អតីតយោធានៅយោធភូមិភាគទី៤ អាយុ៦២ឆ្នាំ មានប្រព័ន្ធនិងកូន៧នាក់ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានវិវាទដីធ្លីជាមួយឈ្មោះ នង ចន្នី តំណាងដោយឈ្មោះ ស៊ឹន យឿម ជាមន្ត្រីយោធាភូមិភាគីទី៤ ដែលដីនោះមានទីតាំងផ្សេងគ្នា ហើយត្រូវបានប្តឹងចោទប្រកាន់អស់រយៈពេលជិត៣០ឆ្នាំ។
តាមរយៈលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំបានព្រមទាំងក្រុមគ្រួសារ ពិតជាសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឯកឧត្តម ដួង ដារ៉ា, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល ប្រធានតុលាការឧទ្ធរណ៍ ដែលបានផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ជាស្ថាពរពិតប្រាកដដល់ក្រុមគ្រួសារខ្ញុំបាទ»។
លោក និងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន សូមជូនពរសម្តេច និងក្រុមគ្រួសារ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។
លោក គង់ សារុន និងក្រុមគ្រួសារ សូមប្តេជ្ញាបន្តគាំទ្រ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជារៀងរហូត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងជីវភាពរស់នៅ និងលើកឡើងថា មានតែសម្តេចតេជោ ហ៊ុន សែន ទេទើបដឹងពីទុក្ខលំបាកប្រជាពលរដ្ឋ៕