Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update៖ មនុស្សស្លាប់ទាំងសងខាង ១៧០នាក់ ក្នុងការវាយប្រហារនៅមូលដ្ឋានទ័ពអេត្យូពី

09-06-2016 19:19

(សូម៉ាលី)៖ ប្រភពព័ត៌មានពីសហគមន៍អាហ្វ្រិក បានឲ្យដឹងថា ក្រោយការវាយប្រហារនៅមូលដ្ឋានទ័ពអេត្យូពី នៅក្នុងប្រទេសសូម៉ាលីនោះ កងកម្លាំងបានវាយបកវិញ បណ្តាលឲ្យពួកសកម្មប្រយុទ្ធ អាល់ សាបាអាប់ ១១០នាក់ស្លាប់ ខណៈ អាល់ សាបាអាប់ អះអាងមកវិញថាទាហានអេត្យូពី និងអាហ្វ្រិក ៦០នាក់ផងដែរបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦។

តាមការដកស្រង់សម្តីប្រជាពលរដ្ឋ ដែលនៅក្បែរក្រុង Halgan ភាគកណ្តាលប្រទេសសូម៉ាលី ដែលមានមូលដ្ឋានទ័ពរបស់អេត្យូពីតាំងនៅនោះបានឲ្យដឹងថា គេបានលឺសំឡេងផ្ទុះយ៉ាងកក្រើក និង មានការបាញ់ប្រហារគ្នាដោយកាំភ្លើង នាអំឡុងពេលទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ។ ការវាយប្រហារគ្នា យ៉ាងហោចណាស់ក៏បានអូសបន្លាយ រយៈពេលជាងមួយម៉ោងដែរ។

គួរបញ្ជាក់ថាកងទ័ពសហគមន៍ អាហ្វ្រិក បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុមអាល់កៃដា ដែលគឺជាពួក អាល់ សាបាអាប់ នៅស៊ូម៉ាលីនោះឯង ដើម្បីត្រួសត្រាយផ្លូវឲ្យ រដ្ឋាភិបាលនិរទេសគាំទ្រដោយលោកខាងលិច ឡើងកាន់អំណាចវិញ៕