(ភ្នំពេញ)៖ ការថ្លែងរបស់លោក ឯម ច័ន្ទមករា យ៉ាងដូចច្នេះត្រូវបានធ្វើឡើង នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលើការពិនិត្យឡើងវិញ លើប្រកាសអន្តរក្រសួងស្តីពី «ការកំណត់​លក្ខណវិនិច្ឆ័យ ប្រភេទ និងកម្រិតពិការភាព» នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ឺនធឺកុងទីណង់តាល់ ដោយមានការចូលរួមជាអធិបតីពីលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ហេង តៃគ្រី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងតំណាងក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងជនពិការសរុបចំនួន៩០នាក់។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានទាញចំណាប់អារម្មណ៍ថា បច្ចុប្បន្ននេះមានជនពិការកម្ពុជារាប់ម៉ឺននាក់ បាននិងកំពុងរង់ចាំអ្នកទទួលបន្ទុកវិស័យនេះ ដើម្បីជួយដោះស្រាយបញ្ហាលំបាករបស់ពួកគាត់ ប្រសិនណាបើអ្នកទទួលបន្ទុកវិស័យពិការភាពហ៊ានតែធ្វេស ប្រហែសមិនយកចិត្តទុកដាក់ដល់ជនពិការទេ នោះវាគឺជាកំហុសដោយចេតនាមួយ ព្រោះអ្នកទទួលបន្ទុកវិស័យនេះ មានតួនាទីភារកិច្ចហើយ តែបែរបានត្រឹមតែអោបដៃឈរមើលទៅវិញ។

អគ្គលេខាធិការវ័យរូបនេះបានបន្តទៀតថា សិក្ខាសាលាពិគ្រោះយោបល់មានគោលបំណងដើម្បី ប្រមូលធាតុចូលសម្រាប់មូលដ្ឋានយកទៅពិនិត្យឡើងវិញ ដើម្បីកែសម្រួលប្រកាសអន្តរក្រសួងលេខ ២៤៩២ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីស្តីពីការកំណត់លក្ខណវិនិច្ឆ័យប្រភេទ និងកម្រិតពិការភាព ដោយត្រូវធ្វើបច្ចុប្បន្នភាពប្រកាសអន្តរក្រសួងនេះ ឲ្យស្របតាមកាលានុវត្តភាពថ្មីៗ នៃវិស័យពិការភាពក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ។

លោក ឯម ច័ន្ទមករា បានបន្តទៀតថា ប្រកាសអន្តរក្រសួងស្តីពីការកំណត់លក្ខណវិនិច្ឆ័យ ប្រភេទ និងកម្រិតពិការភាព គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រើប្រាស់ក្នុងការប្រមូលស្ថិតិ និងទិន្នន័យជនពិការដើម្បីភាពងាយស្រួលអនុវត្តច្បាប់ គោលនយោបាយ និងកម្មវិធីផ្សេងៗទៀតឲ្យ ស្របតាមនិយាមថ្នាក់ជាតិ។

លោក ឯម ច័ន្ទមករា បានគូសបញ្ជាក់ផងដែរ ថាបច្ចុប្បន្ននេះពិការភាពនៅកម្ពុជាមានចំនួនប្រមាណជាង៣០ម៉ឺននាក់ ស្មើនិង២.០៦% ហើយបើផ្អែកតាម ទិន្នន័យរបស់វិទ្យាស្ថានជាតិ ស្រាវជ្រាវស្ថិតិ​នៃក្រសួងផែនការ កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ បានឲ្យដឹងថា ចំនួនជនពិការមានចំនួនប្រមាណ៥០ម៉ឺននាក់។ លោក ឯម ច័ន្ទមករា បានថ្លែងថា យើងមិនប្រើប្រាស់​ទិន្នន័យខុសៗគ្នា រវាងស្ថាប័នជាតិ និងអង្គការសង្គមស៊ីវិលនោះទេ ឯការប្រើប្រាស់និយមន័យពិការភាពគឺត្រូវតែប្រើប្រាស់តាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ រីឯលក្ខណវិនិច្ឆ័យគឺ ត្រូវប្រើប្រាស់​តាមប្រកាសអន្តរក្រសួង រវាងក្រសួងសុខាភិបាល ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងក្នុងពិធីនោះថា ការរៀបចំប្រកាសអន្តរក្រសួង ស្តីពីការកំណត់លក្ខណៈវិន្និឆ្ឆ័យប្រភេទ និងកម្រិតពិការភាព របស់ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច នៅឆ្នាំ២០១១ បានផ្អែកលើចំណុចពីរយ៉ាងគឺ ទី១៖ តាមស្ថានភាពជាក់ស្តែងរបស់ជនពិការ កក្តាសម្របសម្រួល​ហេដ្ឋារចនា​សម្ព័នរូបវ័ន្ត ការយល់ដឹង និងឥរិយាបទរបស់សហគមន៍ពីបញ្ហាពិការភាព និងទី២៖ ផ្អែកលើនិយមន័យពិការភាពរបស់ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់​សិទ្ធិជនពិការ ដែលបានកំណត់ពី​ការប៉ះពាល់លើសារពាង្គកាយ សតិបញ្ញា ហើយរំខានដល់ការបំពេញការងារ និងសកម្មភាពជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រកាសនេះ ក៏បានតម្រូវឲ្យរៀបចំបងើ្កតក្រុមប្រឹក្សាវាយតម្លៃថ្នាក់ជាតិ និងថ្នាក់រាជ​ធានី-ខេត្ត ហើយបច្ចុប្បន្នប្រកាសអន្តរក្រសួងស្តីពី ការរៀបចំសមាសភាព ក្រុមប្រឹក្សាវាយតម្លៃថ្នាក់ជាតិត្រូវបានបង្កើត នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥។

លោក សែម សុខា  បានបន្តទៀតថា សិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញ លើប្រកាសអន្តរក្រសួងស្តីពីការកំណត់លក្ខណវិនិច្ឆ័យប្រភេទ និងកម្រិតពិការភាព ថ្ងៃនេះនឹងបានប្រមូល​ផ្តុំមតិយោ​បល់​របស់ក្រុមបញ្ញវ័ន្តជាច្រើន ដើម្បីកែលម្អប្រកាសអន្តរក្រសួងនេះឲ្យមានលក្ខណៈវិទ្យាសាស្ត្រ ងាយស្រួលក្នុងការអនុវត្ត និងឈរលើតថភាពពិតៗ។ ក្រោយពីការកែលម្អប្រកាសនេះ នឹងផ្តល់នូវអត្ថ​ប្រយោជន៍ប្រកបដោយទស្សនៈទាន និងកំណត់បាននិយមន័យពិការភាពមួយជាក់លាក់ ស្របតាមស្តង់ដារតែមួយរបស់កម្ពុជា ដើម្បីអនុវត្តរួមនិងដូចៗគ្នា ទទួលយកបានទាំងអស់គ្នា ជាពិសេសបាន​ជាប្រយោជន៍ដល់ក្រុមប្រឹក្សាវាយតម្លៃប្រភេទនិងកម្រិតពិការភាព និស្សិត ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដែលមានបំណងសិក្សាស្រាវជ្រាវ ឬវាយតម្លៃពិការភាព ដើម្បីផ្តល់សេវា​សមស្រប​និងតាមតម្រូវការ ឬប្រើប្រាស់ជាឧបករណ៍ដើម្បីធ្វើអង្កេត លើទិន្នន័យពិការភាពនៅកម្ពុជា៕