(ភ្នំពេញ)៖ កីឡាករល្បីលំដាប់ពិភពលោក Keisuke HONDA បានឯកភាពលើ ២ចំណុចសំខាន់ដែលត្រៀមជួយដល់ប្រទេសកម្ពុជា គឺ «ការបង្កើតសាលា បាល់ទាត់ និងជួយកិច្ចការសង្គម អំពីការលុបបំបាត់គ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍» នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា (FFC) ថ្លែងប្រាប់ Fresh News ថ្ងៃទី០៩ មិថុនានេះ»។
លោក ខៀវ សាម៉េត បានបញ្ជាក់ថា នៅក្នុងកិច្ចសំណេះសំណាលជាមួយនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រយៈពេល៣០នាទី នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ទួលគោក) នៅរសៀលថ្ងៃទី០៩ មិថុនា ក្រោយពីពិសាអាហារថ្ងៃត្រង់រួច ខ្សែប្រយុទ្ធជនជាតិជប៉ុន ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប AC Milan នៃប្រទេសអ៊ីតាលីខាងលើ បានយល់ព្រមបង្កើតសាលាបណ្តុះបណ្តាលថ្នាល ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ស្របពេលសន្ទុះនៃអ្នកគាំទ្រកំពុងមានការកើនឡើងយ៉ាងគំហុក។
តែយ៉ាងណាក៏ដោយ ការសាងសង់សាលាកីឡាបាល់ទាត់នេះដែរ មិនទាន់កំណត់ថា នឹងសង់នៅទីណានោះទេ គ្រាន់តែ FFC ចង់សាងសង់នៅតាមបណ្តាខេត្តសំខាន់ៗវិញ។
បន្ថែមពីលើនេះទៀត កីឡាករវ័យ២៨ឆ្នាំ Keisuke HONDA ក៏បានឯកភាព ក្នុងការជួយកិច្ចការសង្គមកម្ពុជាផងដែរ ក្នុងការលុបបំបាត់គ្រឿងញៀន ដែលជួយអប់រំក្មេងៗ និងយុវវ័យ ងាកមកលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង ដោយរូបគេសន្យាថា នឹងគៀងគររក Sponsor នានានៅជុំវិញ ពិភពលោក ដើម្បីយកមកអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត៕