(កំពង់ស្ពឺ)៖ ក្រុមមន្រ្តីចាស់ៗមួយចំនួន នៅការិយាល័យដែនដី នគរូបនីយកម្មសំណង់ និងភូមិបាល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានខិតខំធ្វើការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាននេះរាប់ឆ្នាំ ហើយអ្នកខ្លះទៀតធ្វើការស្ទើចូលនិវត្តន៍ហើយនោះ បានសម្តែងការខកចិត្តចំពោះការតែងតាំងប្រធានថ្មីរបស់ពួកគេ ដែលជាមន្រ្តីម្នាក់ធ្លាប់មានរឿងអាស្រូវមិនល្អមកពីមូលដ្ឋានផ្សេង។
ក្រុមមន្រ្តីចាស់ៗទាំងនោះ បានលើកឡើងថា ការរៀបចំចាត់ចែងឱ្យ លោក អ៊ី ឆៃតេង អតីតប្រធានការិយាល័យភូមិបាលស្រុកឧដុង្គ ដែលធ្លាប់មានរឿងអាស្រូវ ក្នុងពេលកាន់តំណែង ឱ្យធ្វើជាប្រធានការិយាល័យដែនដី នគរូបនីយកម្មសំណង់ និងភូមិបាល ស្រុកសំរោងទង នាពេលនេះ ដូចជាមានភាពមិនប្រក្រតី និងមិនស្មើភាពគ្នាទាល់តែសោះចំពោះមន្រ្តីចាស់ៗនៅមូលដ្ឋានស្រុកសំរោងទង ហើយក៏ដូចជាការបំបាក់ទឹកចិត្តដល់មន្រ្តីចាស់ៗ ដែលខិតខំធ្វើការនៅមូលការិយាល័យភូមិបាលស្រុកសំរោងទងផងដែរ។
ការស្នើដាក់សមាសភាព លោក អ៊ី ឆៃតេង ជំនួសលោក ជួប វណ្ណៈ ដែលចូលនិវត្តន៍នោះ ត្រូវបានប្រភពបង្ហើបថា ទំនងមានអ្នកធំម្នាក់ ក្នុងខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងជួរក្រុមប្រឹក្សាខេត្តជួយអន្តរាគមន៍ បញ្ចុកចេកបញ្ចុកស្ក ទើបបានជាមន្រ្តីដែលមានប្រវត្តិធ្លាប់គេរិះគន់ច្រើនក្នុងការងារនេះ អាចចូលកាន់តំណែងខ្ពស់នៅមូលដ្ឋានផ្សេងបានយ៉ាងងាយ ដែលនេះជាចម្ងល់របស់ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីនានានៅការិយាល័យខាងលើ រហូតដល់អ្នកខ្លះចោទជាសំណួរថា តើវប្បធម៌អន្តរាគមន៍ ផ្តល់តំណែង នឹងមានរហូតដល់ពេលណាទៀត។
លោក អ៊ី ឆៃតេង ដែលជាអនុប្រធានការិយាល័យសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាល ខេត្តកំពង់ស្ពឺ និងជាអតីតប្រធានការិយាល័យភូមិបាល ស្រុកឧដុង្គ ដែលត្រូវបានតែងតាំងជា ប្រធានការិយាល័យដែនដី នគរូបនីយកម្មសំណង់ និងភូមិបាល ស្រុកសំរោងទ ងនាពេលនេះ ត្រូវបានប្រភពទម្លាយថា ធ្លាប់មានរឿងអាស្រូវយ៉ាងច្រើន កាលពីកាន់ដំណែងជាប្រធានភូមិបាលស្រុកស្រុកឧដុង្គ ក្នុងនោះមានការលួចធ្វើប្លង់ជាន់លើប្លង់ចាស់ (ប្រមូលប្លង់ចាស់ទុក) ចេញប្លង់ថ្មីឲ្យក្រុមហ៊ុនចិនមួយឈ្មោះ ខេមបូឌា ប្រូផឹធី ត្រេនឌីង ក្នុងភូមិចំការហ្លូង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្រៅពីនោះ អត្តចរឹតមន្រ្តីម្នាក់នេះ ក៏ត្រូវបានប្រជាពលរដ្ឋរិះគន់ថា មានភាពក្រអឺតក្រទម និងមានកំហុសជាច្រើនទៀត ដែលក្រុមការងារចុះអង្កេតរកឃើញ។ ប៉ុន្តែទោះជាយ៉ាងណា នាពេលកន្លងមក លោក អ៊ី ឆៃតេង ក៏បានធ្វើលិខិតសារភាពកំហុសរហូតដល់ មានការដកបញ្ឈរជើងជាដើម។
ក្រុមមន្រ្តីចាស់ៗទាំងនោះ បានស្នើឱ្យអភិបាលស្រុកសំរោងទង និងអភិបាលខេត្តកំពង់ស្ពឺ ជាពិសេស លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជារដ្ឋមន្រ្តីទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ពិចារណាចំពោះរឿងនេះផង និងធ្វើយ៉ាងណាចុះស្រាវជ្រាវដើម្បីរកការពិត ។
ទោះជាយ៉ាងណា Fresh News មិនទាន់អាចទំនាក់ទំនង លោក អ៊ី ឆៃតេង ដែលរងការចោទប្រកាន់ខាងលើនេះបាននៅឡើយទេ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ។ ខណៈដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម ក៏មិនទាន់អាចទាក់ទងបានដែរ។
កន្លងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងបានផ្តល់អនុសាសន៍ដល់ អង្គភាពស្ថាប័ននានា ចំពោះការដំឡើងដំណែងដល់មន្រ្តីមូលដ្ឋាន ដែលធ្វើយ៉ាងណាឱ្យមានតម្លាភាព ហើយតម្រូវឱ្យផ្តល់អាទិភាពខ្ពស់ដល់អ្នកដែលបម្រើការងារនៅមូលដ្ឋានជាមុនសិន មុននឹងយកមន្រ្តីពីកន្លែងផ្សេង។
លោក ជុំ កុសល ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តី ដែលបានចែករំលែករឿងនេះ នៅលើបណ្តាញសង្គម Facebook បានសរសេរថា «ប្រសិនបើប្រតិកម្មនេះជារឿងពិត នេះគឺសុទ្ធតែជាបញ្ហាហើយ ព្រោះវាជាទំលាប់អាក្រក់កំអែលចាស់ ដែលមិនគួរអោយកើតមានបន្តទៀតទេនៅក្នុងដំណាក់កាលកំណែទំរង់នេះ។ មនុស្សដែលធ្លាប់មានរឿងអាក្រក់ ហើយមិនត្រូវទទួលបានការគាំទ្រពីអ្នកនៅជុំវិញខ្លួនបែបនេះ បែរជានៅតែថ្នាក់ដឹកនាំស្ថាប័នគាំទ្រទៀត ពិតជាគេចមិនផុតពីការវាយតំលៃក្នុងផ្លូវមិនល្អនិងមានការអាក់អន់ស្រពន់ចិត្តពីសំណាក់មន្ត្រីផ្សេងៗទៀតជាមិនខាន។ បើអាចជៀសបានគួរតែជៀសទើបជាការល្អ ព្រោះសម័យកាលនេះទំលាប់បក្សពួកនិយម ខ្សែស្រឡាយនិយមឬស៊ីសំណូកនិយម មិនត្រូវឱ្យមានទៀតទេ ហើយមនុស្សដែលមានសមត្ថភាពការងារក័មិនខ្វះដែរ»៕