(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោក ឌិត ទីណា រដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបនឹងការលើកឡើងមតិមួយចំនួនថា លោកមិនមានជំនាញខាងផ្នែកកសិកម្ម ប៉ុន្ដែមកដឹកនាំជារដ្ឋមន្ដ្រី នៃក្រសួងកសិកម្ម។
លោក ឌិត ទីណា បានគូសបញ្ជាក់ថា ការលើកឡើងនេះ គឺជាការមើលវិស័យកសិកម្ម មិនពេញលេញ។
លោកថា កសិកម្មមិនមែនត្រឹមតែផលិតទេ គឺផលិតហើយត្រូវចូលទៅក្នុងខ្សែច្រវាក់ផលិតកម្ម ការលក់ដូរ រហូតមកដល់អ្នកប្រើប្រាស់។
លោក ឌិត ទីណា បានបញ្ជាក់ថា «ខ្ញុំតែងតែធ្វើការងារ នៅក្នុងវិស័យផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងការសិក្សាផ្ទាល់របស់ខ្ញុំ [...] ទោះបីជាវិស័យនេះ ថ្មីសម្រាប់ខ្ញុំ ប៉ុន្ដែខ្ញុំគិតថា ខ្ញុំនឹងអាចស្វែងយល់បាន»។
សូមជម្រាបថា មុនមកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។
លោក ឌិត ទីណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យា ពីសាកលវិទ្យាល័យ Orsay, Paris Sud នៅឆ្នាំ២០០០ និងបញ្ចប់សញ្ញាបត្រវិស្វកររ៉ែ ពី Ecole Nationale Superieure des mines de Paris នៅឆ្នាំ២០០២៕