(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានប្ដេជ្ញាចិត្ដ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ដោយមិនសំដៅមើលតែបុគ្គលណាមួយ ឬផ្នែកណាមួយនៃកសិកម្មនោះទេ។
ការប្ដេជ្ញាចិត្ដយ៉ាងដូច្នេះរបស់លោក ឌិត ទីណា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។
លោក ឌិត ទីណា បានបញ្ជាក់យ៉ាងច្បាស់ៗថា «អ្វីដែលសំខាន់ គឺបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាយើង នេះគឺជាការប្ដេជ្ញាចិត្តរបស់ខ្ញុំ។ អីចឹងសំខាន់ណាស់ មិនមែនយើងមើលតែបុគ្គលណាមួយ ឬក៏ផ្នែកណាមួយនៃកសិកម្មនោះទេ»។
បន្ថែមពីនោះទៀត លោក ឌិត ទីណា បានគូសបញ្ជាក់ថា វិស័យកសិកម្ម គឺត្រូវធ្វើដោយបរិយាប័ន្ន មានន័យថារួមគ្នាធ្វើ ដោយត្រូវមើលគ្រប់ទាំងអស់នៃវិស័យនេះ ទើបដាក់នូវវិធានការនានាដែលអាចបម្រើផលប្រយោជន៍ជារួម។
លោកថ្លែងបែបនេះថា «ខ្ញុំទទួលគ្រប់នូវជំនួយទាំងអស់សម្រាប់វិស័យកសិកម្ម ដែលខ្ញុំទទួលបន្ទុក ប៉ុន្តែជាមួយគ្នានេះដែរ សូមជម្រាបជូនថា ក្នុងការទទួលខុសត្រូវ ខ្ញុំនៅតែជាអ្នកកាន់ចង្កូត ដូច្នេះបើសិនជាយោបល់ ឬក៏ការជូនផ្នែកមួយចំនួន ដែលយើងពិនិត្យមើល និងវាយតម្លៃជារួម យល់ថាមិនសមគួរ ការសម្រេច គឺនៅលើសិទ្ធិសម្រេចរបស់រដ្ឋមន្ត្រី»។
លើសពីនោះទៀត លោក ឌិត ទីណា បានបញ្ជាក់ថា បើសិនជាមានចំណុច ដែលលោកមិនអាចសម្រេចបាន ឬក៏លោកនៅមានមន្ទិលយ៉ាងណា នៅក្នុងឋានានុក្រមនៃរាជរដ្ឋាភិបាល លោកក៏អាចសួរជាយោបល់ទៅឧបនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកការងារផែនរបស់វិស័យកសិកម្ម ឬក៏សួរបន្តទៅទៀតទៅសម្ដេចតេជោ ដើម្បីបានការណែនាំយ៉ាងច្បាស់លាស់។
លោក ឌិត ទីណា បានគូសបញ្ជាក់ថា នៅពេលដែលមានការណែនាំ មានការយល់ច្បាស់ នូវទិសដៅដែលត្រូវធ្វើហើយ គឺវាជាសិទ្ធិ និងការទទួលបន្ទុករបស់លោក ដែលត្រូវអនុវត្តឲ្យបានពេញលេញ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលកសិកម្ម តាមរយៈការខិតខំប្រឹងប្រែង រួមជាមួយថ្នាំដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារតែទឹកជំនន់។
លោកបន្ថែមថា ក្រសួងកសិកម្មក៏មានគោលដៅបន្តជំរុញ ប្រែក្លាយកសិកម្ម កម្ពុជាឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃប្រកបដោយបរយាបន្ន និងមាននិរន្តភាពធន នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ៕