(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សម្រាប់ការងារអទិភាពនៅចំពោះមុខ ដែលលោកត្រូវដោះស្រាយក្នុងជំហានដំបូង បន្ទាប់ប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម គឺដោះស្រាយបញ្ហារបស់ប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដោយក្នុងពេលឆាប់ៗនេះ លោកនឹងចាប់ផ្តើមចុះ ទៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ដែលបង្កដោយទឹកជំនន់ ដែលបានបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើននៅទាំងប្រទេស ផ្តល់ពូជស្រូវ និងដំណាំជាបន្ទាន់ដល់កសិករ ដើម្បីស្តារការដាំដុះឡើងវិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ពិធី ប្រកាសចូលកាន់តំណែងរដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការតែងតាំង និងរៀបចំពិធីឡើងនេះ គឺបានធ្វើយ៉ាងលឿន ហើយនៅសល់តែនីតិវិធីបន្តិចបន្តួច និងការចាត់តាំងការងារខ្លះនៅក្នុងក្រសួងដែលខ្ញុំត្រូវធ្វើ ក្រៅពីនេះខ្ញុំនឹងត្រូវចេញទៅតាមខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធជាមួយនឹងគ្រោះទឹកជំនន់។ ថ្ងៃស្អែកខ្ញុំនឹងមានការប្រជុំចាក់ការមួយចំនួន ហើយប្រហែលជាថ្ងៃខានស្អែក នឹងរៀបចំផែនការចុះតាមបណ្តាខេត្ត បណ្តាទីតាំងដែលមានប្រជាពលរដ្ឋរងគ្រោះ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញ នូវការខូចខាត»។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងក៏នៅមាន កិច្ចការបន្ទាន់មួយចំនួនទៀត ដែលត្រូវបន្តអនុវត្ត ក្នុងគោលដៅដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ជាអទិភាព ក្នុងគោលដៅបន្តជំរុញ ប្រែក្លាយកសិកម្ម កម្ពុជាឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃប្រកបដោយបរយាបន្ន និងមាននិរន្តភាពធននឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ»។
ទន្ទឹមគ្នានេះ ការងារចំពោះមុខដែលត្រូវធ្វើបន្ត គឺស្វែងយល់ឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ អំពីបញ្ហាប្រឈមរបស់ប្រជាកសិកម្ម ធុរជន វិនិយោគិន ព្រមទាំងអ្នកប្រើប្រាស់ ដើម្បីផ្តល់នូវដំណោះស្រាយជាក់ស្តែង និងសមស្របសម្រាប់ការបង្កើនចំណូល កាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ និងកសិករ តាមរយៈការពង្រីកទីផ្សារបន្ថែម ជាពិសេសទីផ្សារដែលមានសក្តានុពលមួយចំនួន និងផ្តល់បច្ចេកទេសផលិត និងពូលផលិតផលដែលចំគោលដៅទីផ្សារ និងកែសម្រួលខ្សែច្រវាក់តម្លៃ សំដៅកាត់បន្ថយឈ្មួញកណ្តាល ។ លើសពីនេះទៀត នឹងពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការអនុវត្តមុខងារស្ថាប័ន និងតួនាទីរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្តល់ឱកាស និងមធ្យោបាយ និងការបណ្តុះបណ្តាល ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
លោកបានឱ្យដឹងទៀតថា «ក្រៅពីនេះក្នុងរយៈពេលមធ្យម ខ្ញុំបាទសូមជម្រាបជូននូវវិធានការជាក់ស្តែងមួយចំនួន ដូចជាលើកកម្ពស់ការសិក្សា ស្រាវជ្រាវ ស្វែងរកវិធីសាស្រ្តជាក់ស្តែងល្អ និងបច្ចេកវិទ្យាថ្មី ដែលអាចអនុវត្តបាន ដើម្បីផ្សព្វផ្សាយជូនកសិករ និងអ្នកប្រកបរបរកសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយដៃគូអភិវឌ្ឍ និងបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីជំរុញបើកទីផ្សារឱ្យបានទូលំទូលាយថែមទៀត សម្រាប់ផលិតផលកម្ពុជា។ ព្រមទាំងពង្រឹងការគ្រប់គ្រង់ដីសម្បទានសេដ្ឋកិច្ច ធនធានព្រៃឈើ និងជលផល ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសក្តានុពលវិស័យកសិករសម្រាប់ការអភិវឌ្ឍន៍នាពេលខាងមុខ»៕