(ភ្នំពេញ)៖ ក្រសួងរៀបចំដែន នគររូបនីយកម្ម និងសំណង នៅថ្ងៃទី០៩ ខែមិថុនានេះ បញ្ជាក់ថា បញ្ហាវិវាទដីធ្លីរបស់ប្រជាពល ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ត្រូវបានការដោះស្រាយបញ្ចប់ជាស្ថាពរហើយ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងរៀបចំដែនដីបានឲ្យដឹងថា បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ៣គ្រួសារ ជាមួយលោក សំរិទ្ធ វណ្ណនី ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌឬស្សីកែវ នេះបានហូសបន្លាយតាំងពី២០០៦មកម៉្លេះ ធ្វើឱ្យមានការបង្កក ការចេញប័ណ្ណរបស់ប្រជាពលរដ្ឋ២១គ្រួសារ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង និងសុរិយាដី រាជធានីភ្នំពេញ បានកោះហៅភាគីទំនាស់ ដែលពាក់ព័ន្ធមកសម្រុះសម្រួល និងដោះស្រាយបញ្ចប់ករណីនេះជាស្ថាពរ ហើយមន្ទីរក៏បានចេញប័ណ្ណកម្មសិទ្ធិ និងយកប័ណ្ណទៅប្រគល់ឱ្យ ប្រជាពលរដ្ឋទាំង២១គ្រួសារ ដល់ខ្នងផ្ទះផងដែរ។
ក្នុងនោះដែរប្រជាពលរដ្ឋ២១គ្រួសារ មានក្ដីសប្បាយរីករាយ និងអរគុណដល់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕