(ស្ទឹងត្រែង)៖ បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅតែបន្តដំណើរយ៉ាងសកម្មគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែង។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ក្រុមប្រតិបត្តិសាខាខេត្ត និងអនុសាខា ស្រុកសៀមប៉ាង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសរុបចំនួន ២៤៥គ្រួសារ ដែលមកពី១៣ភូមិ ៣ឃុំ នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ពិធីនេះរៀបចំឡើងនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ថ្លែងក្នុងពិធីនេះ លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា “ខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការឆ្លើយតបរបស់កាកបាទក្រហមទីស្នាក់ការកណ្តាល ជាពិសេសសូមថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទបាទក្រហមកម្ពុជា តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេល និងទាន់ពេលវេលា ហើយសម្តេចក៏តែងតែផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យមើលថែនិងការពារប្រជាពលរដ្ឋពេលត្រូវការឲ្យជួយ”។
លោកបានបន្តទៀតថា នៅក្នុងទឹកដីខេត្តស្ទឹងត្រែងមានទន្លេចំនួន៤ ដែលប្រឈមនៅពេលរដូវទឹកជំនន់មកដល់ ហើយក្នុងឆ្នាំនេះផង ស្រុកសៀមប៉ាង មានប្រជាពលរដ្ឋប្រមាណជាង១៩០០គ្រួសារ និងផលដំណាំជាង២៤០០ហិតា ដែលទទួលរងគ្រោះដោយទឹកជំនន់។
ក្នុងឱកាសនោះដែរ លោកវេជ្ជ. អ៊ុយ សំអាតបាន ក៏ពាំនាំព្រះរាជបន្ទូល ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខជូនដល់ប្រជារាស្ត្រ-បងប្អូនជាទីនឹករលឹក និងសូមកោតសរសើរចំពោ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជួយដល់ប្រជាពលរដ្ឋនៅពេលដែលជួបការលំបាកជាពិសេស គ្រោះទឹកជំនន់នៃទន្លេសេសាន ដែលធ្វើឲ្យខូចខាតនូវដំណាំកសិផលរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជួយដោយស្រាយពូជស្រូវ ដំណាំផ្សេងៗជូនប្រជាពលរដ្ឋឲ្យទាន់នៅក្នុងរដូវទឹកស្រកហើយនេះ គឺជាការយកចិត្តទុក្ខដាក់ខ្ពស់មួយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីស្តារជីវភាពគ្រួសារប្រជាពលរដ្ឋដែលកំពុងដែលលិចលង់។
ទន្ទឹមនឹងនេះដែរ លោកវេជ្ជ. បានពាំនាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានខ្លឹមសារដូចខាងក្រោម៖
*ប្រុងប្រយ័ត្នជានិច្ចចំពោះការលង់ទឹកជាយថាហេតុ ជាពិសេសចំពោះក្មេងតូចៗ និងមនុស្សចាស់ ហើយត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិស ដែលអាចបង្កគ្រោះថ្នាក់ដល់យើងបាន។
*សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់ៗគ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ទឹកស្អាត មានអនាម័យគ្រប់គ្រាន់ ដើម្បីការពារកុំឱ្យកើតមានជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
*នៅពេលទឹកស្រក ហើយត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តប្រកបមុខរបរដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
*សូមប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកវេជ្ជ. និងក្រុមការងារ បាននាំយកថ្នាំពេទ្យ និងអាPPE មួយចំនួន ជូនមណ្ឌលសុខភាពសៀមប៉ាង ។ ជាមួយគ្នានោះដែរ លោកបានប្រគេនទេយ្យទាន និងបច្ច័យមួយចំនួន ជូនព្រះអង្គដែលគង់នៅវត្តពោធិជ័យហៅវត្តសៀមប៉ាង។
សូមជម្រាបជូនថា អំណោយដែលគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (សារុង មុង ភួយ ក្រមា និងអាវយឺត) ១កញ្ចប់, សាប៊ូ ១ដប, ជែលលាងដៃចំនួន ១ដប និងថវិកា ២ម៉ឺនរៀល៕