Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គិតត្រឹមថ្ងៃទី១៦ ខែតុលា! រាជធានីភ្នំពេញ បង្ក្រាបល្បែងស៉ីសងបាន៩៤ករណី ឃាត់ខ្លួន១៥៧នាក់

17-10-2022 19:20

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៉ីសង សរុប៩៤ករណី ឃាត់ខ្លួនមនុស្សចំនួន១៥៧នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃ១៧ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបញ្ជាក់មកកាន់ Fresh News នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដេីម្បីធ្វើការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់។

លោកបានអះអាងថា ក្នុងករណីដែលបង្ក្រាបបានកន្លងមកនេះ មានចំនួន៩៤ទីតាំង ក្នុងនោះរួមមាន កន្ទុយលេខ ៤១ទីតាំង, ម៉ាស៉ីនហ្គេមអនឡាញ ៩ទីតាំង, លេងបៀ អាប៉ោង ៨ទីតាំង, ល្បែងភ្នាល់អនឡាញ ១១ទីតាំង, ឆ្នោតឡូតូ ៧ទីតាំង និងកន្លែងបញ្ចាំ ១៨ទីតាំង។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ៕