(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានស្នើឲ្យលោក ឌិត ទីណា រដ្ឋមន្ដ្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការងារដោះស្រាយ ផលប៉ះពាល់ពីទឹកជំនន់ ជាការងារអាទិភាពទីមួយ នាពេលចំពោះមុខ។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួម ក្នុងពិធីប្រកាសចូលកាន់តំណែង លោក ឌិត ទីណា ជារដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ នាទីស្ដីការក្រសួងកសិកម្ម។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំលោកសូមស្នើរដ្ឋមន្ត្រី ឌិត ទីណា, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការងារ ដោះស្រាយផល ប៉ះពាល់ពីទឹកជំនន់ ជាការងារអាទិភាពទីមួយ នាពេលចំពោះមុខ និងអនុវត្តឲ្យបានល្អប្រសើរនូវវិធានការ ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី»

ថ្លែងក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានគូសបញ្ជាក់ដូចខាងក្រោម៖

ទី១៖ បន្តចុះពិនិត្យ និង វាយតម្លៃផលប៉ះពាល់ និងការខូចខាតជាក់ស្ដែង ដោយសារជំនន់ទឹកភ្លៀង លើដំណាំកសិកម្ម, សត្វពាហនៈ និង វារីវប្បកម្ម ជាពិសេស កំណត់ឲ្យច្បាស់លាស់ នូវទីតាំងខូចខាត, ទំហំផ្ទៃដី និងចំនួនគ្រួសារកសិករដែលរងគ្រោះ ដោយសហការជាមួយក្រសួង-ស្ថាប័ន ជាពិសេស រដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ទី២៖ បន្តធ្វើយុទ្ធនាការស្តារឡើងវិញ នូវផ្ទៃដីដាំដុះដែលទទួលរងនូវការខូចខាត ដោយទឹកជំនន់ និងនាំយកពូជស្រូវ, ពូជដំណាំ, ពូជត្រី និងកង្កែប ទៅចែកជូនប្រជាកសិករតាមខេត្តគោលដៅ ដែលរងផលប៉ះពាល់ ដើម្បីឆ្លើយតបទៅនឹងទំហំនៃការខូចខាតដំណាំកសិកម្ម, ផលិតកម្មសត្វ និងវារីវប្បកម្មដែលបានកើតមានឡើងកន្លងមក។

ទី៣៖ ណែនាំដល់ថ្នាក់ដឹកនាំក្រសួង, អង្គភាពជំនាញក្រោមឱវាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ចូលរួមសហការសម្របសម្រួល ធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងគ្រោះធម្មជាតិនេះ និងពន្លឿនការស្តារឡើងវិញ នូវផលប៉ះពាល់នៅតាមបណ្តាខេត្តគោលដៅរបស់ខ្លួន។

ទី៤៖ សហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ស្នើត្រៀមគ្រាប់ពូជស្រូវ និង ពូជដំណាំរួមផ្សំផ្សេងទៀតឱ្យបានគ្រប់គ្រាន់ និង ចាត់ចែងបញ្ចេញឲ្យទាន់ពេលវេលា ទៅដល់គោលដៅចែកចាយ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ និង ចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សកម្មចុះជួយគាំទ្រការងារបច្ចេកទេស នៅពេលដាំដុះស្តារឡើងវិញ។

ទី៥៖ ជំរុញអង្គភាពជំនាញ ឲ្យខិតខំយកចិត្តទុកដាក់ បន្តចុះពិនិត្យតាមដានសុខភាពសត្វ, ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វផ្សេងៗ និងទប់ស្កាត់ចលនាសត្វដោយខុសច្បាប់ នៅតាមបណ្តារាជធានី-ខេត្ត ជាប់ជាប្រចាំ រួមទាំងបទល្មើសជលផល និងព្រៃឈើផងដែរ។

ទី៦៖ ផ្តល់ការសហការជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការប្រមូលទិន្ន័យអំពីតម្រូវការពូជ, ផ្ទៃដីស្តាឡើងវិញ, អត្តសញ្ញាណជនរងគ្រោះ និងព័ត៌មានដទៃទៀត ដើម្បីដាក់ចេញនូវវិធានការស្ដារនិងផ្តល់ជំនួយសង្គមផ្សេងៗទៀត ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា លោក ឌិត ទីណា ជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល។ លោក ឌិត ទីណា កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ នៅសង្កាត់លេខ១ ក្រុងភ្នំពេញ។

លោក ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣៕