(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បាន ដឹកនាំគណៈប្រតិភូគយ និងរដ្ឋាករ ចុះទស្សនកិច្ចការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) ដែលជាតំបន់សេដ្ឋកិច្ច ពិសេសឈានមុខមួយនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីបរិយាកាសវិនិយោគ និងស្ថានភាពផលិតកម្ម ដើម្បីពិនិត្យលទ្ធភាពធ្វើឱ្យ ប្រសើរឡើងថែមទៀត នូវការសម្រួលពាណិជ្ជកម្មជូនប្រតិបត្តិករ ក៏ដូចជាពង្រឹងការអនុវត្តនីតិវិធីគយជាធរមានក្នុងតំបន់សេដ្ឋកិច្ចពិសេស មួយនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត គុណ ញឹម បានជួបប្រជុំសំណេះសំណាលជាមួយវិនិយោគិនក្នុងតំបន់ និង ផ្សព្វផ្សាយអំពីគោល នយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិន និង បំផុសឲ្យមានការវិនិយោគបន្ថែមទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ក្នុងឱកាសនោះ លោកបានចុះពិនិត្យមើលសង្វាក់ផលិតកម្មរបស់រោងចក្រសំខាន់ៗ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះចំនួន៣ រួមមាន៖ (១). រោងចក្រផលិតបរិក្ខារអេឡិចត្រូនិក Minebea (Cambodia) (២). រោងចក្រផលិតទឹកដោះគោ Angkor Dairy Products និង (3).  រោងចក្រកែច្នៃត្បូង  Laurelton Diamond (Cambodia)។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញស្ថិតនៅលើទំហំផ្ទៃដីប្រមាណ ៣៥៧ហិកតា តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្ប  ន្ន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានក្រុមហ៊ុនចំនួន៧៧ កំពុងដំណើរការ លើវិស័យសំខាន់ដូចជាផលិតគ្រឿងអេឡិចត្រូនិច គ្រឿងបំណែក រថយន្ត ច្នៃពេជ្យ ទឹកដោះគោ ភេសជ្ជៈ កាត់ដេរ ស្បែកជើង ចំណីសត្វ...។ល។

តំបន់សេដ្ឋកិច្ចមួយនេះ បង្កើតការងារច្រើនជាង ១៨.០០០កន្លែង និងផ្តល់ចំណូលពន្ធនិងអាការគយ ចូលថវិកាជាតិ ជាង ៥លានដុល្លារ  ក្នុងឆ្នាំ២០១៥។ លើសពីនេះ ក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ ចំណូលពន្ធ និងអាករ ដែលប្រមូលពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ បាន ច្រើនជាង ១,៩ លានដុល្លារ ដែលមានកំណើនប្រមាណជា ៧៦,៣៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៥។

គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេស ត្រូវបានបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តកម្ម (Automated System for Customs  Data-ASYCUDA) ដើម្បីសម្រួលដល់នីតិវិធីគយសម្រាប់នាំចូល-នាំចេញតាំងពីខែមិថុនា ឆ្នាំ២០១៥ មកម៉្លេះ។ ការបង្កើតតំបន់សេដ្ឋកិច្ច ពិសេស គឺជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យឧស្សាហកម្មផលិតកម្ម  និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការបង្កើននូវបរិយាកាសវិនិយោគ ពិសេសការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI)  ការជំរុញនិងការបង្កើនការនាំចេញ ការបង្កើតការងារនិងជំនាញជូនពលរដ្ឋកម្ពុជា ព្រមទាំងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀត៕