(កោះកុង)៖ ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ បានសំណូមពរដល់អាជ្ញាធររក្សាផែឈើ ប្រវែង៣០០ម៉ែត្រ នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីពួកគាត់ងាយស្រួលក្នុងការដោះដូរកសិកផលបន្ដិចបន្ទួច ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

សំណូមរបស់ប្រជាពលរដ្ឋត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោក ខេង គង់ នាយរដ្ឋបាលស្រុកបូទុមសាគរ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងស្ពានឈើផែនេះ ក្រោយពីម្ចាស់ផែ បានរៀបចំជួសជុលឡើងវិញ ដោយសារស្ពាននេះចាស់ទ្រុឌទ្រោមពិបាកក្នុងការធ្វើដំណើរ។

ក្នុងនោះ ប្រជាពលរដ្ឋបានស្នើរដ្ឋបាលស្រុកបូទុមសាគរ កុំរុះរើផែឈើនេះចេញពីទីតាំងនេះ ព្រោះផែឈើនេះមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋច្រើន ក្នុងការដោះស្រាយជីវភាពគ្រួសារ ដូចជាការដឹកបន្លែផ្លែឈើ ការដឹកផលនេសាទរកទីផ្សារ និងចតទូក។

លោក ហុិន ឡា នាយកផ្នែកជលផល ស្រុកបូទុមសាគរ បានបញ្ជាក់ថា ផែឈើខាងលើនេះពិតជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនបន្លែផ្លែឈើពីចំការ និងផលនេសាទរបស់អ្នកភូមិស្រែថ្មី ពិតប្រាកដមែន។ មូលហេតុដែលម្ចាស់ សម្រេចសាងសង់ថ្មី ដោយសារផែឈើចាស់មានការទ្រុឌទ្រោមខ្លាំង ពិបាកក្នុងធ្វើចរាចរណ៍ហើយតូចចង្អៀតទៀតពិបាកលើកដាក់ទំនិញ ទើបម្ចាស់ផែធ្វើការរុះរើធ្វើថ្មីវិញ៕