(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជន ចូលរួមកសាងនូវអគារសិក្សាថ្មី ក្នុងពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជានេះ ទៅតាមលទ្ធភាព ដើម្បីផ្ដល់ជាប្រយោជន៍ ក្នុងការជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា ដែលជាប្រធានក្រុមកាងារសាងសង់អគារសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចូលរួមបរិច្ចាគថវិកា២០ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានបន្ទូល អំពាវនាវដល់អ្នកមានចិត្តបុណ្យទាំងឡាយ ចូលរួមថវិកាកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីចូលរួមចំណែកវិស័យអប់រំ និងជួយសមណនិស្សិត-និស្សិត គ្រប់រាជធានី-ខេត្ត បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយឥតបង់ថ្លៃរយៈពេល៤ឆ្នាំ។
ទន្ទឹមនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែននិងតាមរយៈបណ្តាញព័ត៌មាន Fresh News សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក៏បានមានបន្ទូលថ្លែងអំណរគុណ ដល់អ្នកមានចិត្តបុណ្យទាំងឡាយ ដែលបានរួមចំណែកជួយកសាងសាកលវិទ្យាល័យមួយនេះ។
អ្នកមានចិត្តបុណ្យទាំងឡាយ សូមបរិច្ចាគតាមកម្លាំងសទ្ធាតាមរយៈ៖
* គណនី ABA 077 402 402 $
* គណនី ABA 086 402 402 ៛
* គណនី អេស៉ីលីដា 34830429999999 $
* គណនី អេស៉ីលីដា 34830429999998 ៛
* ឬទំនាក់ទំនងទូរសព្ទលេខ៖ 016 43 43 25 / 070 40 66 68/ 070 211 422 / 077 402 402
* ឬចូលទៅកាន់ហ្វេសប៊ុក៖ Preah Sihamoniraja Buddhist University Bachelor និង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព័ត៌មានថ្នាក់បរិញ្ញាបត្រ។
សូមជម្រាបថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលមានការឧត្ថម្ភគាំទ្រដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បិតាស្ថាបនិកសន្តិភាពកម្ពុជា៕