(កំពង់ចាម)៖ បន្ទាប់ពីបញ្ចប់ការចែកស្រូវពូជនៅខេត្តសៀមរាបហើយនោះ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តនាំយកស្រូវពូជជាង ១០០តោនទៀត ចែកជូនប្រជាកសិករ ១,៤៤៦គ្រួសារ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីស្តារការដាំដុះឡើងវិញ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀត។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការអាណិតស្រលាញ់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ និងសម្តែងការសោកស្តាយចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋកើតពីទឹកជំនន់។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកបង្ហាញជូនប្រជាពលដ្ឋពីការគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើការងារស្តារឡើងវិញការដាំដុះរបស់ប្រជាកសិករ ដោយបានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបកសិកររងគ្រោះដោយទឹកជំនន់ ពីការគិតគូរបញ្ចេញកញ្ចប់ថវិកាជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងការលិចលង់រយៈពេលប្រមាណ៣ខែផងដែរ។
«ទាំងនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការលំបាករបស់បងប្អូនកសិករយើង។ បើទោះបីសម្តេចមមាញឹកនឹងកិច្ចការជាតិមិនបានចុះជួបផ្ទាល់ តែការនឹករលឹក ការគិតគូររបស់សម្តេចទាំងទ្វេនៅជាមួយបងប្អូនកសិករយើងជានិច្ច»។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងពេលចែកពូជស្រូវ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរលោកបណ្ឌិត សៀង ណាំ ដែលកន្លងមក និងពេលបច្ចុប្បន្ននេះ តែងតែយកចិត្តទុកដាក់ដោះស្រាយរាល់ពេលប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានទុក្ខលំបាក និងគ្រោះអាសន្ននានា។ នេះគឺជាកាយវិកាដ៏ថ្លៃថ្នូរគួរឱ្យគោរព ក្នុងនាមលោកជាតំណាងរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានស្នើឱ្យអាជ្ញាធរ ខេត្ត ស្រុក ឃុំ សហការនឹង ក្រសួង ស្ថាប័នជំនាញ ពាក់ព័ន្ធទាំងអស់ បន្តអនុវត្តន៍បទបញ្ជាសម្តេចតេជោឱ្យខ្ជាប់ខ្ជួន ចុះវាយតម្លៃតម្រូវការ ដើម្បីដាក់ចេញនូវសកម្មភាពជាក់ស្តែងពេលទឹកស្រកទៅវិញ ស្របតាមទិសដៅយុទ្ធសាស្ត្រអាទិភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការ ស្តារជីវភាព ប្រជាពលរដ្ឋរងគ្រោះឡើងវិញ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរដាំដុះស្រូវ និងផលដំណាំឡើងវិញ ដើម្បីលើកស្ទួយជីវភាពក្រោយទឹកជំនន់។
ក្រៅពីនេះការងារអនាម័យសំអាតបរិស្ថាន ក្នុងសហគមន៍ ក្នុងពេលទឹកកំពុងស្រក និងក្រោយពីទឹកស្រក ក៏ជាការងារអាទិភាពផងដែរ ដែលលោកទេសរដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ចូលរួមអនុវត្ត ដើម្បីការពារជំងឺដង្កាត់នានា បង្ក ដោយបរិស្ថានមិនស្អាត។ ចំពោះការចែកជំនួយនានាជូនប្រជាពលរដ្ឋ ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម ស្នើឱ្យមានការចែកក្នុងរូបភាពជាក្រុមតូចៗ ដោយចុះចែកដល់មូលដ្ឋានផ្ទាល់តែម្តង។
ក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋ ដែលទទួលបានពូជស្រូវសម្រាប់ការដាំដុះឡើងវិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម។ ជាពិសេសថ្ងៃនេះ តាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុន ចាន់ដា បាននាំពូជស្រូវចែកជូនពួកគាត់ ដើម្បី ដាំដុះឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេមេគង្គ៕