(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានថ្លែងថា ដើម្បីធានាបាននូវកិច្ចការពារបរិស្ថាន និង ធនធានធម្មជាតិ ឲ្យបាន ល្អប្រសើរទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់។
លោក ម៉ុម សារឿន ថ្លែងដូច្នេះក្នុងឱកាសដែលរូបលោក និងលោកញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដឹកនាំមន្រ្តី និងប្រជាពល រដ្ឋក្នុងខេត្តប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតនៅក្នុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក ម៉ុម សារឿន បានថ្លែងថា ទិវាបរិស្ថាន ដែលរៀបចំឡើងក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត» ក្នុង គោលបំណងបំផុសស្មារតីប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ទៅលើការថែរក្សាបរិស្ថាន ដែលជាបញ្ហាសកលលោកកំពុងយកចិត្តទុកដាក់ខ្ពស់ ។
លោកអភិបាលខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ដើម្បីធានាបានកិច្ចការពារ បរិស្ថាន រួមទាំងធនធានធម្មជាតិ ឲ្យកាន់តែប្រសើរឡើង មាន សោភណភាព ក្លាយជាទីក្រុងបៃតង គឺគ្រប់អ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ កម្លាំងមានសម្ថកិច្ច វិស័យឯកជន សិស្សនិស្សិត យុវ ជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ត្រូវរួមចំណែកក្នុងចលនាការពារគុណភាពបរិស្ថាន និង ធនធានធម្មជាតិក្នុងខេត្ត ហើយរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវជំរុញ និងបំផុសចលនាប្រជាពលរដ្ឋចូលរួមធ្វើពលកម្មសម្អាតផ្ទះសម្បែង ដីឡូត៍ ភូមិស្ថានរបស់ខ្លួន ឲ្យបានស្អាត ព្រមៗ គ្នា ដើម្បីធានាបានបរិស្ថានអនាម័យល្អ និងសុខុមាលភាពសាធារណៈ៕