(ពោធិ៍សាត់)៖ អង្ករចំនួន១០០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន MDS ហេងហ៉ី អ៉ីនវេសម៉ិន ឯ.ក ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបន្តផ្តល់ជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅក្នុងស្រុកបាកាន និងស្រុកកណ្តៀង។
ពិធីប្រគល់ទទួលអំណោយអង្ករ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា គឺទី១៖ នៅស្នាក់ការគណបក្សស្រុកបាកាន និងទី២៖ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង ដោយបានការចូលរួមទទួលពីសំណាក់លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់, លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត, លោក ណារ៉ា ចំរើន នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងអាជ្ញាធរស្រុកបាកាន និងស្រុកកណ្តៀងមួយចំនួនទៀត។
លោក ចេង ឡៃ តំណាងលោក ជាវ តាយ បានគោរពថ្លែងអំណរគុណយ៉ាងជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងផ្ទៃប្រទេស និយាយជារួមនឹងនិយាយដោយឡែកប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ជាពិសេសក្នុងពេលមានទុក្ខលំបាក ដោយសារគ្រោះទឹកជំនន់។
អភិបាលខេត្តស្តីទី ក៏បានជម្រាបជូនថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនដែលរំលងពីការគិតគូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះឡើយ ពោលគឺសម្តេចទាំងទ្វេ តែងតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋខ្ពស់ជានិច្ច រាល់ពេលប្រជាពលរដ្ឋមានទុក្ខ គឺតែងមានការជួយដោះស្រាយការលំបាក បានទាន់ពេលវេលា។
ជាមួយគ្នានោះ លោក ចេង ឡៃ ក៏បានថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ដែលតែងមានទឹកចិត្តសប្បុរស ហើយតែងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរំលែកនូវការលំបាកនានា។ លោកបានចាត់ទុកនូវកាយវិការចូលរួមនេះ ជាកាយវិការដ៏ល្អ និងជាគំរូមួយសម្រាប់សង្គមកម្ពុជា៕