(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ បន្តអញ្ជើញចុះជួប សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសង្រ្គោះបន្ទាន់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ព្រឹកថ្ងៃថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ចំនួន២៥៣គ្រួសារ មកពីភូមិចំនួន២៩ភូមិ នៃឃុំទាំង៦ ក្នុងស្រុកកំរៀង ដែលពិធីនេះរៀបចំឡើងនៅបរិវេណវត្តអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះ ឲ្យបានទាន់ពេលវេលា។
លោកក៏បានណែនាំដល់រដ្ឋបាលស្រុកស្វែងរកប្រជាពលរដ្ឋដែលមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីធ្វើការផ្ដល់ជូនជាពូជស្រូវ ឬ ពូជដំណាំជូនគាត់ ក្នុងការស្ដារលទ្ធភាពជីវភាពពួកគាត់ ឲ្យបានទាន់ពេលវេលា ក្រោយពីរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នេះ និងត្រូវកំណត់ឲ្យបានច្បាស់លាស់អំពីតម្រូវការដែលត្រូវផ្ដល់ពូជស្រូវ ឬពូជដំណាំនេះដែល ត្រូវជូនប្រជាពលរដ្ឋនេះ ដើម្បីធ្វើការស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្ដល់ជាគ្រាប់ពូជស្រូវ ឬពូជដំណាំតាមលទ្ធភាពជាក់ស្ដែង។
លោក អភិបាលខេត្តបានបញ្ជាក់ថា ការចែកអំណោយសង្រ្គោះនេះទៀតសោត គឺមិនបានចែកបានគ្រប់គ្នាទេ តែគឺជាបឋមគឺធ្វើការចែកចំពោះប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេ ហើយថ្ងៃទៅមុខទៀតក៏នឹងបន្តចែកជាបន្តបន្ទាប់ទៀត ដូចនេះសូមឲ្យមានការអធ្យាស្រ័យផងដែរ។
លោក ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទេ សូមប្រញាប់ទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួសរាន់ទៅចាក់នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយដែល នៅជិតផ្ទះប្រជាពលរដ្ឋ ចាប់ពីដូសទី៣ឡើងទៅ ហើយសុំកុំឲ្យមានការភ័យខ្លាចថា ចាក់វ៉ាក់សាំងនេះហើយបង្កឱ្យមានបញ្ហាអីផ្សេងឲ្យសោះ ព្រោះវ៉ាក់សាំងគឺសម្រាប់ការពារ ជាពិសេសសម្រាប់ការពារ ក្រុមមនុស្សខ្សោយឱ្យគេចផុតពីជំងឺកូវីដ-១៩។
លោក សុខ លូ ក៏បានផ្ដាំផ្ញើជូនប្រជាពលរដ្ឋកុំភ្លេចអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ហើយបើសិនជាមិនទាន់បានចុះឈ្មោះបោះឆ្នោតទេ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងដែលខ្លួនស្រឡាញ់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។
អំណោយដែលនាំយកមកជូន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ៕