(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង្ស ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានចុះសំណេះសំណាល និងផ្តល់អំណោយចង្ក្រានសន្សុំសំចៃថាមពល ដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ នៅឃុំព្រៃអំពក ស្រុកគីរីវង្ស ខេត្តតាកែវ។

ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត កុយ​ ពិសី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យថែរក្សាសុខភាព ជាពិសេសក្នុងអំឡុងរដូវភ្លៀងធ្លាក់នេះ។ លោកស្រីក៏បានចូលបច្ច័យ និងត្រៃចំនួន៣ តាមរយៈលោកមេឃុំ ដើម្បីចូលរួមកម្មវិធីដង្ហែអង្គកឋិនទាននៅវត្តចំនួន៣ ក្នុងឃុំព្រៃអំពក ផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅឃុំព្រៃអំពក តាមលោកស្រី កុយ ពិសី បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញវិធានការក្តៅ ក្នុងលុបបំបាត់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស គិតមកដល់ពេលនេះ ការលេងល្បែងស៉ីសង និងការបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានឃុំព្រៃអំពក ត្រូវបានលុបបំបាត់១០០ភាគរយ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរម្យនា។

ប្រជាពលរដ្ឋក៏បានគោរពថ្លែងអំណរគុណផងដែរ ចំពោះសម្តេចតេជោ ហ៊ុន សែន បានខិតខំស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ដែលបង្កើតភាពស៊ាំក្នុងសហគមន៍ ធ្វើឱ្យអត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា​ បន្តធ្លាក់ចុះជាបន្តបន្ទាប់ ទាំងនេះគឺជាការគិតយ៉ាងខ្លាំងពីសុខមាលភាពរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន៕