(ភ្នំពេញ)៖ ដើម្បីជាការឆ្លើយតប នឹងការលើកឡើងរបស់លោកស្រីអគ្គលេខាធិការ សហព័ន្ធសហជីពអន្តជាតិ (ITUC) ដែលបានខ្វល់ខ្វាយចំពោះលោក រ៉ុង ឈុន ដែលជាអតីតប្រធាន​សមាគមគ្រូ​បង្រៀនឯករាជ្យ (សហជីព) និងបច្ចុប្បន្នជាសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនោះ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ផៃ​ ស៊ីផាន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា សូមផ្ញើលិខិតចំហរមួយ​ជូនលោកស្រី​អគ្គលេខាធិការ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖

«ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ របស់សហព័ន្ធសហជីពអន្តជាតិ (ITUC) ដែលបានខ្វល់ខ្វាយចំពោះ ឯ.ឧ រ៉ុង ឈុន ដែលជាអតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (សហជីព) ដែលមានសម្ព័ន្ធភាពជាមួយ CNRP និងបច្ចុប្បន្នជាសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ ដើម្បីជាព័ត៌មានមួយក្នុងការពិចារណារបស់ លោកស្រីអគ្គលេខាធិការ សហព័ន្ធសហជីព​អន្តរជាតិ (ITUC) ។

ខ្ញុំបាទសូមគោរពជំរាបជូនលោកស្រីអគ្គលេខាធិការ សហព័ន្ធសហជីពអន្តរជាតិ (ITUC) ក៏ដូចជាសាធារណៈមតិអំពីអ្វីដែលកើតមានឡើងនៅក្នុង រដ្ឋអធិបតេយ្យមួយ និងការអនុវត្តច្បាប់ ដែលជាកិច្ចប្រឹងប្រែងរបស់ស្ថាប័នរដ្ឋ ក៏ដូចជាសាធារណៈជន ក្នុងកិច្ចពង្រឹងនីតិរដ្ឋនេះឯង។

១៖ អ្វីដែលសហព័ន្ធសហជីពអន្តរជាតិ បានលើកនូវការបារម្មណ៍របស់លោក ដែលចោទថា «រាជរដ្ឋាភិបាលបានរំលោភគោលការណ៍ច្បាប់ និងបង្កើតនូវបរិយាកាសគ្រោះថ្នាក់ជាងគេ ក្នុងចំណោម​ប្រជាជាតិអាស៊ីអាគ្នេយ៍»។

ខ្ញុំបាទយល់ថា ជាការភាន់ច្រឡំមួយគួរឲ្យសោកស្តាយ ដែលមិនមែនជាការពិតនៃមូលដ្ឋាន លើការវាយតម្លៃរបស់អង្គការពលកម្មពិភពលោក (ILO) ចំពោះស្ថានភាពការងាររបស់កម្មករកម្ពុជា។ រាជរដ្ឋាភិបាលតំណាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ជារដ្ឋមន្រ្តីនោះបានបង្កើននូវបរិយាកាស ភាពជាដៃគូររវាងកម្មករ និងនិយោជក រួមជាមួយម្ចាស់បញ្ជាទិញខោអាវកាត់ដេរ។

ដោយឡែកទៀត ការពិនិត្យតាមដានជាប្រចាំ និងរស់រវើករបស់ក្រសួងក្នុងទិសដៅអនុវត្តន៍ច្បាប់ការងារ ក៏រក្សាបាននូវភាពសុខដុមរមនា រវាងកម្មករ ជាមួយបរិបថការងារ និងប្រាក់បៀវត្សរបស់គេ។ រាជរដ្ឋាភិបាលកម្ពុជា មិនមែនដើរតួជាអ្នកសង្កត់សង្កិន ឬបង្គាប់បញ្ជាដើម្បីជោគជ័យនៃភាគីណាមួយនោះទេ ក៏ប៉ុន្តែភាពទន់ភ្លន់ជាមួយការងារហ្មឺងម៉ាត់ ដើរតួជាអ្នកសម្របសម្រួលរាល់ភាគីពាក់ព័ន្ធ ដើម្បីធានាផលប្រយោជន៍កម្មករ និងដៃគូរដទៃទៀត ឲ្យមានប្រសិទ្ធភាពជាងបុគ្គលម្នាក់ដែលបានដើរតួអង្គទោល ជាអ្នកការពារផលប្រយោជន៍កម្មករ ជាប្រធានសហជីព ក៏ប៉ុន្តែបម្រើសកម្មភាព​នយោបាយ របស់គណបក្សប្រឆាំងយកហេតុផលរបស់កម្មករ ដើម្បីសន្លឹកឆ្នោត និងតំណែងរបស់ខ្លួននោះ។

អាស្រ័យហេតុនេះហើយ យើងបានឃើញសកម្មភាពរបស់បុគ្គលនេះទាំងមុន និងក្រោយបោះឆ្នោត គឺរត់ស្របគ្នាទាំងពេលវេលា និងសារនយោបាយជាមួយគណបក្សប្រឆាំង ដែលចោទលើគ.ជ.ប នៃការក្លែងបន្លំសន្លឹកឆ្នោត កាលពីពេលបោះឆ្នោតកន្លងមក ហើយចុងក្រោយភាពពិតជាក់ស្ដែងបានអណ្ដែតច្បាស់ក្រឡែតជាសាធារណៈអោយគេបានឃើញថា ឯ.ឧ រ៉ុង ឈុន ជាអ្នកតំណាងអោយ​គណបក្សប្រឆាំងនៅ គ.ជ.ប។ ម្យ៉ាងវិញទៀត ឯ.ឧ ទេព នីថា អតីតអគ្គលេខាធិការ គ.ជ.ប ក៏ត្រូវបានជាប់ឆ្នោតបន្តទៀតក្នុងតម្លៃជាសមត្ថភាព និងក្រមសីលធម៌របស់លោកគឺជាតម្លៃរបស់ គ.ជ.ប ពីអតីតកាលក៏ដូចជាបច្ចុប្បន្ននេះ ដែលមិនអាចជជែកបាន។

២៖ រដ្ឋសភាជាតិ ជាស្ថាប័នរបស់រដ្ឋនៃដែនអធិបតេយ្យរបស់រដ្ឋ និងតំណាងប្រជាពលរដ្ឋពិតប្រាកដរបស់កម្ពុជា មិនមែនដើម្បីផលប្រយោជន៍ជនណា អង្គការណា ឬបរទេសណាមួយឡើយ។ សមាជិកតំណាងរាស្ត្រទាំងនោះ ជាអ្នកតំណាងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរសុទ្ធសាធ ហើយស្ថិតនៅក្នុង “របបនិងបែបបទសភានិយម» សុទ្ធសាធ ខ្ញុំយល់ថា លោកស្រី Sharan Burrow ដែលជាអគ្គលេខាធិការរបស់ ITUC មានបញ្ញាឈ្លាសវៃគ្រប់គ្រាន់ ក្នុងការយល់ដឹងនូវលំហូរការងាររបស់សមាជិកភាគច្រើនរបស់ CPP ទៅក្នុងរដ្ឋសភាដែលគេគាំទ្ររាជរដ្ឋាភិបាលរបស់ CPP ដែលជាគណបក្សឈ្នះឆ្នោត និងទៅក្នុងអំណាច។ ហើយគោលនយោបាយរបស់ CPP ដែលជាសារនយោបាយ គឺត្រូវអនុវត្តដោយរាជរដ្ឋាភិបាល ដែលជាក្រុមទុកចិត្ត តំណាងនៅក្នុង​ស្ថាប័ននីតិ​ប្រតិបត្តិ​របស់ CPP ។ អ្វីដែលលោកលើកឡើងនេះ សភាជាតិ ជាស្ថាប័នអនុលោមនោះ (ប្រថាប់ត្រា) គឺជាសារមួយសំខាន់ណាស់សម្រាប់ CNRP ដែលជាអ្នកដើរតួ​សំខាន់ណាស់​ជាក្រុមតំណាង​មតិភាគតិចសំដែងនូវការតស៊ូមតិ នៅក្នុងសភា ដោយបញ្ចប់នូវជំរើស នៃពហិកាបោះបង់សំឡេង ភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួន ដើម្បីបំពេញតួនាទីរបស់សភាជាតិខ្មែរ តំណាងខ្មែរ កុំអោយគេមាក់​ងាយ។ បើសភាជាតិខ្លួនគ្មានតម្លៃនោះ គឺរូបលោកជាអ្នកប្រឆាំងនោះទេ នឹងរឹតតែអស់តម្លៃផ្ទាល់ខ្លួនបន្ថែមទៀត។

៣៖ ចំណុចនៃការលើកឡើងរបស់សហព័ន្ធសហជីពអន្តរជាតិ (ITUC) ស្តីពីសិទ្ធិសេរីភាពកម្មករ ក្នុងការសម្តែងមតិតាមរយៈបាតុកម្ម ឬកូដកម្មនោះ ដែលយល់ឃើញថារាជរដ្ឋាភិបាលបានបំបិទ ឬដកសិទ្ធិនាំ ខ្ញុំយល់ថាប្រហែលជាការយល់ច្រឡំ ឬយល់មិនច្បាស់ ឬមិនបានដឹង ឬដឹងហើយធ្វើជាមិនដឹង។ ច្បាប់កម្ពុជា គឺអនុគ្រោះ ឬបង្កអាទិភាពដល់កម្មករច្រើនណាស់ នេះបើយោង​តាមទស្សនាវដ្តីពាណិជ្ជកម្ម នោះរាប់ទាំងច្បាប់ នៃការសម្តែងមតិតាមរូបភាពបាតុកម្ម ឬកូដកម្មផងដែរ។ ក៏ប៉ុន្តែច្បាប់នេះផងដែរមិនបានសម្តែងអនុញ្ញាតអោយប្រធានគណបក្សប្រឆាំង ចូលលុកលុយក្នុងរោងចក្រ ដើម្បីបណ្ដេញអោយកម្មករចេញពីកន្លែងធ្វើការរបស់គេ ក្លាយទៅជាចំណាប់ខ្មាំងនយោបាយ ធ្វើសកម្មភាពប្រឆាំង ឬផ្ដួលរំលំរាជរដ្ឋាភិបាលឡើយ ហើយ ឯ.ឧ រ៉ុង ឈុន ជាប្រធានសហជីព គឺច្បាប់បានគាំពារ លោកអោយស្ថិតនៅក្នុងអំណាច និងសកម្មភាពការពារផលប្រយោជន៍កម្មករពិតៗ គឺមិនមែនលួចសាហាយពីក្រោយខ្នងជាអង្គការនយោបាយលាក់មុខ បោក​កម្មករ​បម្រើផលប្រយោជន៍ CNRP ឬបម្រើសកម្មភាព ផ្ដួលរំលំរាជរដ្ឋាភិបាល កើតចេញពីលទ្ធផលបោះឆ្នោតនោះឡើយ។ ហើយឆ្នាំងបាយរបស់កម្មករ ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងកិច្ច​ការពារ ថែទាំដើម្បីគេទាំងអស់នោះ ទទួលបានជីវភាពល្អប្រសើរ និងមានលទ្ធភាពចូលរួម ការអភិវឌ្ឍគ្រួសាររបស់គេ ក៏ដូចជាប្រជាជាតិរបស់គេ ដែលផ្ទុយពី ទណ្ឌិត សម រង្ស៊ី រត់ចោលស្រុក​ដែលតែងតែប្រកាសកុំអោយអ្នកវិនិយោគបរទេស មកបណ្ដាក់ទុននៅកម្ពុជា ដែលជាអំពើមួយប្រឆាំងពិតប្រាកដ និងការរស់រាន នឹងអនាគតរបស់កម្មករខ្មែរ ក៏ដូចជាផលប្រយោជន៍ខ្មែរជារូម។

ចម្លើយជម្រាបជូនសាធារណជន អំពីការប្រឌិតរបស់ទណ្ឌិត សម រង្ស៊ី ដែលបានលើកឡើងថា៖ «អាជ្ញាធរប្រទេសកម្ពុជាសព្វថ្ងៃកំពុងប្រើល្បិច តាមរយៈតុលាការដើម្បីដក ឯ.ឧ រ៉ុង ឈុន ពី គ.ជ.ប ហើយល្បិចតាមរយៈរដ្ឋសភា មិនអោយមានការជ្រើសរើសសមាជិកឯករាជ្យណាម្នាក់ ជំនួស ឯ.ឧ រ៉ុង ឈុន ទៅ គ.ជ.ប ។ ... មានបំណងប៉ះពាល់តុល្យភាពក្នុងសមាសភាព គ.ជ.ប ដើម្បីអោយគណ​បក្ស​ប្រជាជនកម្ពុជាមានឱកាស លួចបន្លំសន្លឹកឆ្នោតដូចមុន” ។ អ្វីខ្ញុំផ្ទាល់យល់ឃើញថា ជាការប្រឌិតនាំអោយសាធារណៈជនយល់ច្រឡំ ដែលជាល្បិចកំសាក​របស់ប្រធានគណបក្សប្រឆាំង​ជាអចិន្រ្តៃយ៍​នេះ។

សូមជម្រាបថា គ.ជ.ប ជាស្ថាប័ន ដែលឈរយ៉ាងប្រាកដប្រជាជាមួយនិងច្បាប់ និងគោលការណ៍ នៃការប្រព្រឹត្តទៅរបស់ស្ថាប័ននេះផ្ទាល់ គឺមិនមែនតាមទំនើង ចិត្ត របស់បុគ្គលណាម្នាក់ឡើយ។ ឯកឧត្តម ទេព នីថា ដែលត្រូវបានបោះឆ្នោតទុកចិត្តឲ្យបន្តតំណែងជាអគ្គលេខាធិការបស់ គ.ជ.ប គឺស្តែងពិតប្រាកដ ណាស់នូវការទទួលស្គាល់សមត្ថភាពមគ្គុទេសភាព និងក្រមសីលធម៌របស់លោក។ ដូចនេះអ្វីដែល ឯកឧត្តម សម រង្ស៊ីលើកឡើងវាប្រាស់ចាកពីការពិត ដែលបានចោទ ឯកឧត្តម ទេព នីថា ជាមេចោរលួចសន្លឹកឆ្នោតអោយ CPP នោះមិនគិតពីការរាប់សន្លឹកឆ្នោតបញ្ជាក់សារជាថ្មី ដែលរកមិនឃើញនៃការក្លែងបន្លំដូចការប្រឌិតលើកឡើងរបស់មេបក្សនោះប្រឆាំងអចន្រ្តៃយ៍ទេ។ រីឯការលើកឡើងថាប៉ះពាល់ “តុល្យភាពក្នុងសមាសភាព គ.ជ.ប”  របស់ឯកឧត្តម សម រង្ស៊ី គឺបង្ហាញយ៉ាងច្បាស់ណាស់ថា លោកចង់អោយ ឯ.ឧ រ៉ុង ឈុន រៀបចំគម្រោងថែរក្សាផលប្រយោជន៍ដល់រូបលោក ក៏ដូចជាគណៈបក្សរបស់លោក។ គ.ជ.ប ជាស្ថាប័នរដ្ឋ​ដែលមិនដាច់ខាត​បម្រើបក្សណាមួយឡើយ។ គឺជាស្ថាប័នសុច្ចរិត បម្រើប្រជាពលរដ្ឋ ដែលជាអ្នកបោះឆ្នោតពិតប្រាកដ។

អាស្រ័យហេតុដូចនេះការយកសមាជិក ឬថ្នាក់ដឹកនាំជាមនុស្សបង្កប់ដើម្បីជាផលប្រយោជន៍បក្សជាផលក្បត់នឹងបំណងរបស់មហាជន ដែលបំពានទៅលើ គោលការណ៍ច្បាប់របស់គ.ជ.ប។ គ្មានជន​ណា​មួយ​ដែលមានអំណាចជ្រៀតជ្រែក និងប្រឆាំងនឹងគ.ជ.ប បានឡើយ ដោយច្បាប់បានធានារួចស្រេច។ រីឯចំណាត់ការរបស់ព្រះរាជអាជ្ញានៃស្ថាប័នតុលាការកោះហៅ ឯ.ឧ រ៉ង ឈុន គឺជានីតិវិធី នៃកិច្ចការការពារផលប្រយោជន៍សាធារណៈសុទ្ធសាធ ដែលពុំមែនជាការរើសអើងនិងបុគ្គល រ៉ុង ឈុន ផ្ទាល់នោះទេ ហើយគ្មានបុគ្គលណា ឬស្ថាប័នណា អង្គការណាអាច​មានអំណាច​ជ្រៀតជ្រែក ឬបង្ខិតបង្ខំឲ្យស្ថាប័ននេះបោះបង់ការទទួលខុសត្រូវចំពោះតួនាទី និងសិទ្ធិអនុវត្តន៍នូវនីតិវិធីរបស់ខ្លួនបានឡើយ»៕