(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបសម្តែងការគួរសម និង សំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសប្រទេសថៃ និងសិង្ហបុរី នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ បន្ទាប់ពីក្រុមគ្រូពេទ្យខាងលើបានពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅកម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានសហការគ្នា ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោកបានបន្ដថា នេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ ដែលជាកាលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក៏ដូចជាការបង្ខិតសេវាសុខភាពឲ្យកាន់តែជិតប្រជាពលរដ្ឋ និងមានភាពងាយស្រួល ក្នុងការទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងជួយកាត់បន្ថយចំណាយ និងកសាងសេដ្ឋកិច្ចគ្រួសារ ក្នុងការអភិវឌ្ឍសង្គមជាតិបានរីកចម្រើនទៅមុខ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ទោះបីជាថ្នាក់ដឹកនាំកំពូលកម្ពុជា គោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ តែរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងផ្តល់ជូនដល់សាសនិក នៃសាសនាផ្សេងៗទៀតដូចៗគ្នា ហើយខ្មែរឥស្លាមក៏ទទួលបាននូវការសម្រួល និងផ្តល់ជូននូវសមិទ្ធផលនានាជាច្រើនរាប់មិនអស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលទទួលបានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងបានបើកចំហររាល់ការផ្ដល់អំណោយពីប្រទេសនានាលើពិភពលោក។

គួរជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសម្ព័ន្ធយុវជនមូស្លិមកម្ពុជា (CMYA) ចំនួន៤៥នាក់ បានសហការជាមួយក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យឥស្លាមមកពីប្រទេសថៃ (TIMA) ចំនួន១៩នាក់ និងក្រុមគ្រូពេទ្យមកពីប្រទេសសិង្ហបុរី ចំនួន១៣នាក់ បានធ្វើការពិនិត្យ និងព្យាបាលជំងឺទូទៅ សុខភាពមាត់ធ្មេញ សុខភាពភ្នែក និងខរតាន់ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀត ចំពោះអ្នកដែលមានបញ្ហាភ្នែក នឹងត្រូវផ្ដល់ជូនវ៉ែនតា ឬសម្របសម្រួល ឧបត្ថម្ភ និងបញ្ជូនទៅធ្វើការវះកាត់នៅរាជធានីភ្នំពេញ៕