អ្នកឧកញ៉ា គិត ម៉េង និងលោក ស៊ូ សុជាតិ ដឹកនាំសិក្ខាសាលាស្តីពី «វឌ្ឍនភាព នៃការបោះផ្សាយមូលបត្របំណុល និងការវាយតម្លៃលទ្ធភាពសង»
17-10-2022 17:06
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាស្តីពី «វឌ្ឍនភាព នៃការបោះផ្សាយមូលបត្របំណុល និងការវាយតម្លៃលទ្ធភាពសង» និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក និងសាកលវិទ្យាល័យ ម៉ូណាស។
គោលបំណង នៃសិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវឌ្ឍនភាព នៃការបោះផ្សាយលក់មូលបត្របំណុល និងការវាយតម្លៃលទ្ធភាពសង ដែលមានការចូលរួមដោយតំណាងពីអគ្គលេខាធិការរដ្ឋាន អ.ស.ហ. និងនិយ័តករ និងអង្គភាពក្រោមឱវាទនៃ អ.ស.ហ. ក្រុមហ៊ុនបោះផ្សាយ ក្រុមហ៊ុនសក្តានុពល ក្រុមហ៊ុនធានាទិញមូលបត្រ ភាគីពាក់ព័ន្ធចំនួន៨ស្ថាប័នផ្សេងទៀត និងមន្ត្រីជំនាញនៃនិយ័តករមូលបត្រកម្ពុជា៕