(ប៉ៃលិន)៖ សាលាខេត្តប៉ៃលិន រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា ក្នុងការសាងសង់អាគាររដ្ឋបាលសាលាខេត្តថ្មី ដែលនឹងចំណាយថវិកាអស់៣ពាន់លានរៀល និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០១៨ខាងមុខ។
ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមវត្តមាន លោក កើត សុធាន អភិបាលខេត្តប៉ៃលិន និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ដ្រីរាជការ ក្នុងខេត្ត ក្រុង ស្រុក ជាច្រើនអ្នកទៀត។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានថ្លែងថា ការសាងសង់នូវអាគាររដ្ឋបាល សាលាខេត្តថ្មីនេះឡើង គឺក្នុងគោលបំណងសម្រួល សេវារដ្ឋបាលសាលាខេត្ត ឱ្យបានកាន់ទូលំទូលាយជាងមុន និងរហ័សឆាប់រហ័ស ព្រោះអាគារចាស់ក៏មានភាពចាស់ទ្រុឌទ្រោម ព្រមទាំងតូចចង្អៀតបន្តិចហើយដែរ ម្យ៉ាងបច្ចប្បន្ននេះ តម្រូវការសេវារដ្ឋបាលមានបរិមាណច្រើនផងដែរ ដូច្នេះការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី នឹងជួយសម្រួលការងារថ្នាក់ខេត្តបានច្រើន។
លោកបានបន្ដថា ក្នុងអាគាររដ្ឋបាលថ្មីនេះ ក៏មានការបំពាក់នូវជណ្តើរយន្ត ប្រព័ន្ធសុវត្ថភាព ប្រព័ន្ធត្រួតពិនិត្យការងារ ដែលមានភាពងាយស្រួលជាងមុនផងដែរ ហើយគ្រោងចំណាយថវិកាអស់ប្រមាណ ៣ពាន់លានរៀល នឹងត្រូវសាងសង់រួចរាល់នៅដើមឆ្នាំ២០១៨ខាងមុខនេះ។
លោកបានបញ្ជាក់បន្ថែមថា «យើងដឹងហើយថា អតីតកាលខេត្តប៉ៃលិន ជាខេត្តមួយដែលពីមុនជាតំបន់សមរភូមិក្តៅ និងបាតដៃទទេ តែដោយបច្ចប្បន្នមានការយកចិត្តទុកខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបខេត្តប៉ៃលិនរបស់យើងបាន មានការអភិវឌ្ឍនស្ទើរគ្រប់វិស័យ នេះជាមោទនភាព សម្រាប់ខេត្តប៉ៃលិនទាំងមូល ហើយសមិទ្ធផលថ្មី ដែលយើងនឹងទទួលមួយទៀត គឺអគាររដ្ឋបាលសាលាខេត្ត»។
ក្នុងនោះលោកក៏បានកោតសសើរ និងជម្រុញមន្រ្តីសាលាខេត្តទាំងមូល ត្រូវប្រឹងប្រែងខិតខំយកចិត្តទុកដាក់ការងារបន្ថែមទៀត ផ្តល់សេវារដ្ឋបាលឱ្យមានភាពរហ័សជាងមុន ក្នុងសេចក្តីថ្លៃថ្នូរ មានក្រមសីលធម៌ វិជ្ជាជីវៈ មានកិច្ចសហការ និងទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអោយសេវារដ្ឋបាលថ្នាក់ខេត្ត មានការអភិវឌ្ឍន៍ ទាំងរចនាសម្ព័ន្ធ បច្ចេកទេស គុណភាព និងសូមឱ្យនៅតាមបណ្តាអង្គភាព មន្ទីរជំនាញ នៅជុំវិញខេត្តត្រូវពង្រឹងការងារ មន្រ្តីរបស់ខ្លួន ជាពិសេសវត្តមាន ហើយឱ្យមានកិច្ចប្រជុំត្រួតពិនិត្យការងារ និងវត្តមានជាប្រចាំផងដែរ៕