(ព្រះវិហារ)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំព្រះសង្ឃ នាំយកចីពរ ១៨លាងប្រគេនព្រះសង្ឃ នៅវត្តទួលបាយក្អែក ស្ថិតភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និងវត្តឦសាន្តគិរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ចំនួន ៤០ និងសៀវភៅ ៤០ក្បាល សរុបថវិកា២៣២០$។
មានសង្ឃដីកានាឳកាសនោះ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានបញ្ជាក់ថា ទីវត្តអារាមជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទយុវជន ដែលជាទំពាំងស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូសមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហឹង្សាគ្រួសារ និងសង្គមជាតិ ដូចនេះការជួយដល់ទីវត្តអារាម ក៏ជាការ ជួយដល់ក៏ជាការជួយដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលផងដែរ។
ព្រះសាសនសោភ័ណ បានបន្ថែមថា ការប្រគេនចីពរ និងបច្ច័យនាពេលនេះដើម្បីរួមចំណែកតិចតួច ជាមួយព្រះសង្ឃនៅវត្តទួលបាយក្អែក ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ព្រះសង្ឃ ដើម្បីឱ្យព្រះសង្ឃបានបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនា និងបន្តគ្រប់គ្រងកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្ត រួមទាំងជួយបន្តដឹកនាំវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចំរើនបន្ថែមទៀត។
ព្រះសាសនសោភ័ណ មានសង្ឃដីកាបន្តថា ការប្រគេនចីពរដល់ព្រះសង្ឃនាឱកាសនេះ គឺជាការចូលរួមរបស់លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងក្រៅប្រទេស ដែលបានចូលរួមជាមួយព្រះអង្គ តាមរយៈមូលនិធិមនុស្សធម៌ ដើម្បីសាសនា និងសង្គម និងតាមរយៈញាតិញោមប្រគេន ក្នុងកម្មវិធីទេសនា និងផ្សព្វផ្សាយព្រះធម៌តាមរយៈវិទ្យុសុវណ្ណារ៉ា FM 88.30 MHz រាជធានីភ្នំពេញ។
ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានមានសង្ឃដីកាបន្ថែមទៀតថា ទឹកចិត្តរបស់ញាតិញោម ជាការរួមចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ជាពិសេសវត្តអារាម ដែលនៅក្នុងតំបន់ដាច់ស្រយាលដែលមានការខ្វះខាត ដើម្បីជួយដល់វត្តអារាម ដែលជាកន្លែងផ្សព្វផ្សាយព្រះធម៌ និងអប់រំចិត្តមនុស្សឱ្យបានល្អប្រសើរ។ ព្រះអង្គក៏បានប្រគេនពរ បវរសួស្តីមហាប្រសើរដល់សប្បុរសជនទាំងអស់ជួបតែ និងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕