(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី០៩ ខែមិថុនានេះថា ចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម និងសារព័ត៌មាននានាថា អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិលោក បាន គីមូន បានទូរស័ព្ទដោយផ្ទាល់ មកកាន់លោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ សុខុន ដោយបានសម្តែងក្តីព្រួយបារម្ភ ចំពោះរបាយការណ៍មួយចំនួននៅកម្ពុជានោះគឺ គ្រាន់តែជាព័ត៌មាននៃការទំនាក់ទំនងគ្នាតែប៉ុណ្ណោះ ប៉ុន្តែភាពពិតនៃការជជែកគ្នារវាងលោក បាន គីមូន និងរដ្ឋមន្រ្តីការបរទេសកម្ពុជា គឺលោក ប្រាក់ សុខុន បានរៀបរាប់ និងពន្យល់យ៉ាងលម្អិត អំពីស្ថានភាពនៅកម្ពុជាជូនលោកអគ្គលេខាធិការ បាន គីមូន រួចរាល់អស់ហើយ។
លោក ផៃ ស៊ីផាន បានបញ្ជាក់បន្ថែមថា ក្នុងនាមរូបលោកផ្ទាល់ គឺលោកជឿជាក់ថា លោក បាន គីមូន ប្រមុខដឹកនាំ UN នឹងយល់ច្បាស់អំពីស្ថានភាពនៅកម្ពុជានាពេលបច្ចុប្បន្ន បន្ទាប់ពីមានការពន្យល់ពីទេសរដ្ឋមន្រ្តី នៃក្រសួងការបរទេសកម្ពុជា។
ទោះបីយ៉ាងណាលោក ផៃ ស៊ីផាន បន្តទៀតថា ការចែកចាយព័ត៌មានថា «លោក បាន គីមូន បានទូរស័ព្ទដោយផ្ទាល់ មកកាន់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ សុខុន គឺគ្រាន់តែជាព័ត៌មាននៃការទំនាក់ទំនងគ្នាតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតនៃការលទ្ធផល ជជែកពិភាក្សាគ្នាមិនបានផ្សព្វផ្សាយនោះទេ, ព្រោះក្នុងរឿងនេះមានមនុស្សតែពីរនាក់ប៉ុណ្ណោះដែលដឹងគឺលោក បាន គីមូន និងលោកប្រាក់ សុខុន»។
មន្រ្តីជាន់ខ្ពស់លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសង្ឃឹមថា នឹងមិនមានអ្នកវិភាគ និងអ្នកអត្ថាធិប្បាយមួយចំនួន នឹងមិនយកព័ត៌មានដែលគ្រាន់តែជាការផ្សព្វផ្សាយ ទៅអត្ថាធិប្បាយខុសពីរឿងពិត»។
សូមជំរាបថា យោងតាមគេហទំព័រ UN ចេញផ្សាយថ្ងៃទី០៨ ខែមិថុនាបានឲ្យដឹងថា អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិលោក បាន គីមូន បានទូរស័ព្ទដោយផ្ទាល់ មកកាន់លោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ សុខុន ដោយបានសម្តែងក្តីព្រួយបារម្ភ ចំពោះរបាយការណ៍មួយចំនួន ស្តីពីការកើនឡើងនៃការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល, មន្រ្តីនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណបក្សប្រឆាំងជាដើម។ លោក បាន គីមូន បានអំពាវនាវឲ្យមានការអនុវត្តឡើងវិញ នូវវប្បធម៌សន្ទនារវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕