(ភ្នំពេញ)៖ លោក មូល វិរៈ ចៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងលោកវរសេនីត្រីយ៍ តូច គឹមសុង ជាសេនាធិការ និងជានាយនគរបាលប៉ុស្ដិ៍ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានរៀបចំកម្មវិធីអាហារសាមគ្គីមួយ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រជាការពារសង្កាត់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ច ក្នុងការចូលរួមសហការការពារជានិច្ច រាល់គ្រប់សកម្មភាពពិធីបុណ្យតូច-ធំផ្សេងៗ ពិសេស ពិធីបុណ្យភ្ជុំបិណ្ឌ និងដាក់បិណ្យកន្លងទៅ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ បានយ៉ាងល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋ។

បើតាមលោកវរសេនីត្រីយ៍ តូច គឹមសុង បានឱ្យដឹងថា ចំពោះការយកចិត្តទុកដាក់រៀបចំកម្មវិធីអាហារសាមគ្គី ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រជាការពារសង្កាត់ ដែលបានខិតខំប្រឹងប្រែងចូលរួមសហការអនុវត្តភារកិច្ច ក្នុងការការពាររាល់គ្រប់សកម្មភាពរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងសកម្មភាពផ្សេងៗទៀត បានធ្វើឡើងបន្ទាប់ពីគណៈបញ្ជាការឯកភាពសង្កាត់-ប៉ុស្ដិ៍ បានទទួលការគាំទ្រ និងឧបត្ថម្ភជួយមួយចំនួនបន្ថែមទៀត ជាសម្ភារ គ្រឿងឧបភោគ បរិភោគ ក៏ដូចជាថវិកា ដោយក្ដីរីករាយ និងមនោសញ្ចេតនា ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកវរសេនីត្រីយ៍ តូច គឹមសុង តាមរយៈអង្គភាពបណ្ដាញសារព័ត៌មាន ​Fresh News សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់ ដែលតែងតែមានស្មារតី ក្នុងការចូលរួមឧបត្ថម្ភគាំទ្រជានិច្ច រាល់សម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាលើកទឹកចិត្តដល់កងកម្លាំងនគរបាលប៉ុស្ដិ៍ ពិសេស គណៈបញ្ជាការឯកភាពសង្កាត់ ឱ្យរកស៉ីទទួលទានមានបាន និងសូមបានសម្រេចនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងមកនេះ ពោលគឺនូវក្រោយពីពិធីបុណ្យភ្ជុំបិណ្យ និងដាក់បិណ្យ ដែលជាពិធីបុណ្យជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យជាតិផ្សេងៗ ត្រូវបានបិទបញ្ចប់, គណៈបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ ដឹកនាំដោយលោក មូល វិរៈ ជាចៅសង្កាត់ និងកម្លាំងនគរបាលប៉ុស្ដិ៍ដឹកនាំដោយលោកវរសេនីត្រីយ៍ តូច គឹមសុង បានរៀបចំឧបត្ថម្ភ សម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាលើកទឹកចិត្តជាបន្តបន្ទាប់ ដល់កាយរិទ្ធិមួយចំនួន និងកងកម្លាំង ក្នុងឱកាសដាក់ផែនការសកម្មភាពផ្សេងៗ ដើម្បីត្រៀមអនុវត្ត ក្រៅពីរៀបចំកម្មវិធីអាហារសាមគ្គី ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រជាការពារ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ច ក្នុងការចូលរួមសហការការពារជានិច្ច រាល់គ្រប់សកម្មភាពពិធីបុណ្យតូច-ធំផ្សេងៗ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ បានយ៉ាងល្អប្រសើរ ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕