(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងបាននាំយកអំណោយជាសម្ភារសិក្សា ព្រមទាំងថវិកាមួយចំនួនចែកជូនដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចំនួន ៥១០នាក់ នៅសាលាបឋមសិក្សាភូមិធំ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោក ធឹម សំអាន បានក្រើនរំលឹកទៅដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ឱ្យក្លាយខ្លួនជាសិស្សពូកែ និងជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សីហើយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ក្មួយៗ ត្រូវរស់នៅស្អាត ហូបស្អាត ពោលគឺចេះធ្វើអនាម័យ ដោយលាងដៃនឹងសាប៊ូ រៀងរាល់មុនពេលញាំអាហារ ដើម្បីការពារបានការឆ្លងមេរោគ និងការពារបាននូវជំងឺកូវីដ១៩ ថែមទៀតផង។
អំណោយរបស់លោក លោក ធឹម សំអាន ដែលនាំយកមកប្រគល់ជូនសិស្សានុសិស្សនាពេលនេះរួមមានក្នុងម្នាក់ៗ ទទួលបានសៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប និងថវិកា ចំនួន ៥,០០០រៀល។ ដោយឡែក លោកគ្រូ-អ្នកគ្រូ ១៤នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល និងលោកនាយកសាលា ១០០,០០០រៀល។ ចំណែកសិស្សពូកែ ០៣នាក់ ម្នាក់៥០,០០០រៀល៕