(កណ្តាល)៖ អគារសិក្សាថ្មីមួយខ្នងទៀតហើយនៅក្នុងសាលាបឋមសិក្សាពិជ័យសាគរ នៅក្នុងវត្តពិជ័យសាគរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានបើកសម្ពោធដាក់ឲ្យកូនប្រជាពលរដ្ឋខ្មែរនៅទីជនបទបានចូលក្រេបយកចំណេះដឹង នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៦នេះ។ ពិធីសម្ពោធអគារសិក្សាថ្មីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ។
អគារសិក្សាថ្មីនេះ មានកម្ពស់ ២ជាន់ ស្មើនិង ៨បន្ទប់ ត្រូវបានសាងសង់ឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ហើយបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ដោយចំណាយថវិកាជិត ៦ម៉ឺនដុល្លារអាមេរិក។
ជាមួយរបើកទ្វារអគារសិក្សាថ្មី ដែលជាថ្នាល់ផ្តល់នូវពុទ្ធិដល់កូនប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទនេះ គេសង្កេតឃើញទឹកមុខលោកគ្រូ អ្នគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋជាអាណាព្យាបាលសិស្ស បានបង្ហាញនូវទឹកមុខស្រស់ស្រាយញញឹមញញែមគ្រប់ៗគ្នា បង្ហាញពីការ ពេញចិត្តពេញថ្លើមចំពោះវត្តមាន នៃថ្នាលចំណេះដឹងថ្មីមួយនេះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា សមិទ្ធផលអគារសិក្សាថ្មីមួយខ្នងដែលសម្ពោធនៅថ្ងៃនេះ ក៏ដូចជាអគារសិក្សាប្រមាណ ១៦៦ខ្នង ផ្សេងទៀត កំពុងមានវត្តមាននៅក្នុងស្រុកកោះធំ គឺបានកើតចេញពីដំបូល នៃសន្តិភាពរបស់ប្រទេសកម្ពុជា ដែលរកបានមកយ៉ាង លំបាកពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោកទេសរដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មិនទាន់ ស្កប់ស្គាល់ចំពោះសមិទ្ធផល ដែលទទួលបាននាពេលបច្ចុប្បន្ននោះឡើយ គឺនៅតែបន្តខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ រីកចម្រើនកាន់តែខ្លាំងថែមទៀត។ ជាពិសេសប្រឹងប្រែងកៀងគរអ្នកវិនិយោគ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរឲ្យកាន់តែមានជីវភាពធូរ ធារថែមទៀត។
ដើម្បីបន្តចរន្តអភិវឌ្ឍន៍ និងរក្សាបានសុខសន្តិភាព លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទទូចឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រការដឹកនាំសម្តេច តេជោ ហ៊ុន សែន បន្តទៅមុខទៀត និងមិនត្រូវជឿតាមការញុះញង់របស់ក្រុមណាមួយ ដែលរុញច្រានប្រទេសទៅរកក្តីអន្តរាយនោះឡើយ។
នៅចំពោះមុខប្រជាពលរដ្ឋក្នុងស្រុកកោះធំនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីមោទនភាពមួយទៀតសម្រាប់ជាតិ កម្ពុជា គឺនៅឆ្នាំ២០១៧ខាងមុខនេះ កម្ពុជានឹងទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា នេះគឺជាមោទនភាព និងកិត្តិយសមួយដ៏ធំ សម្រាប់ជាតិកម្ពុជា។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីកិច្ចខិតខំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការបង្ខិតសេវាឲ្យ ខិតទៅកាន់តែជិតប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែងនៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ី អន នឹងបើកឲ្យដំណើរការ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការប្តូរ និងពន្យារបណ្ណបើកបរ៕