(ក្រចេះ)៖ «វិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ រីកចម្រើនសព្វថ្ងៃ គឺអាស្រ័យដោយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»។ នេះជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ជាមេបញ្ជាការរងកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ។ លោកថ្លែងបែបនេះ នៅក្នុងពិធីបុណ្យកឋិនសាមគ្គី នៅវត្តសិលានទី ស្ថិតក្នុងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

បណ្ឌិត ឈួន ថាវរិន្ទ បានថ្លែងថា រាល់សមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានឃុំឆ្លូង ស្រុកឆ្លូងយើងនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកំពស់។ ជាក់ស្តែងណាស់ នៅក្រោយគំនរផេះផង់ បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានវត្តអារាមចំនួន ៥១០៤ វត្ត មានព្រះសង្ឃ ៧៩,០០៥អង្ឃទៅហើយ នេះសបញ្ជាក់ឲ្យឃើញថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ ដូចដែលគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានក្នុងរយៈពេលជាង ៤៣ កន្លងមកនេះ។

លោកបណ្ឌិតបន្តថា បើមានការដឹកនាំខុស គឺវិស័យសាសនា និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការគោរពប្រតិបត្តិសាសនា នឹងត្រូវរលាយបាត់បង់។ ក្នុងន័យនេះ លោកបន្តថា ជាក់ស្តែងណាស់ នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន យើងអាចមើលឃើញថា សម្តេចតេជោ គឺជាឥស្សរជនឆ្នើមតែមួយគត់ ក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ ដែលបានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗ នៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ ដោយខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង។

លោកបណ្ឌិត ឈួន ថាវរិន្ទ ក៏បានថ្លែងអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុងឃុំ ស្រុកឆ្លូងទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និង បានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន។

អង្គកឋិនសាមគ្គីមួយ ដែលបានប្រារព្ធធ្វើឡើងនៅវត្តសិលានទី ដែលជាកម្លាំងសទ្ធាជ្រះថ្លារបស់ ទេសរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បេសកជនពិសេស និងលោកស្រី, លោកឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា, នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងលោកស្រី ទេព រ៉ូហ្សេត, លោកឧត្តមសេនីយ៍ឯក មុនី ហោរ៉ាត និងលោកស្រី ចុង សុឃីម, លោកឧត្តមសេនីយ៍ឯកបណ្ឌិត រុន រ័ត្នវាសនា និងលោកស្រី ជា សុវណ្ណនី, លោក ហ៊ុយ ហ៊ឺន និងលោកស្រី ស្រី វណ្ណា, លោកស្រី អ៊ី វាសនា និងលោក អ៊ឹង បូរីរតនៈ លោកស្រី គ្រង់ លីឆេង មហាឧបាសកពុទ្ធសាសនូបត្ថម្ភក អ៊ុក ប៊ុនធឿន និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក ហេង សៀងម៉ៃ មហាឧបាសិកា ងិន គា, មហាឧបាសក ឈុន ងាម និងមហាឧបាសិកា សឿង ស៊ីវហេង, លោក ហុង ធុល និងលោកស្រី ឈុន គីមណន លោកស្រី យិន សៀកមុយ និងស្វាមី លោកស្រី រស់ សារ៉ា និងស្វាមី .លោកស្រី ឈួន គីគន្ធា និងស្វាមី .លោក គួយ ណារួន និងលោកស្រី ឈុន ផាណ្ណែត ព្រមទាំងបុត្រ រួមជាមួយពុទ្ធបរិស័ទ្ធមកពីទីជិតឆ្ងាយ បានមូលមតិគ្នា ជាឯកច្ឆនផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គីដែលបានប្រារព្ធធ្វើឡើង ទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសានាខ្មែរយើងក្នុងទីអារាម វត្ត សិលានទី ដោយនៅវេលារសៀល ថ្ងៃសៅរ៍ ទី១៥ ខែ តុលា ឆ្នាំ២០២២។

លុះព្រឹកឡើងថ្ងៃអាទិត្យទី១៦ ខែតុលាប្រជាពុទ្ធបរិស័ទ្ធមកពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរអង្គកឋិន ប្រទក្សិណព្រះវិហារចំនួនបីជុំរួចយកទៅតម្កល់ក្នុងព្រះវិហារ បន្ទាប់មកធ្វើបទនម្សការព្រះរតនត្រ័យ សមាទានសិលរួចវេអង្គកឋិនទានចំពោះព្រះសង្ឃ មាន គ្រឿងទេយ្យទាន ជាអង្គឋិនមាន ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះគឺជាបរិក្ខា របស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យ សង្កត់ ត្រ័យរួមមានចំនួន ៦៤,៥៥០,០០០ រៀល។ លោកបណ្ឌិត និងលោកស្រី ព្រះចៅអធិការវត្តសិលា ន ទី ឆ្លូងក៏បានចែលជូនប៉ិច សៀវភៅ រួមជាមួយ ថវិកាមួយចំនួនដល់ សិស្សានុសិស្សដែលបានចូលរួមដង្ហែរអង្គឋិនសាមគ្គីចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារៈសិក្សា និងថវិកា ៥,០០០ រៀល នាឱកាសនោះផងដែរ៕