(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកអំណោយសង្គ្រោះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅភូមិចំនួន៥ក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានចំនួនសរុប៦៥គ្រួសារ។

ភូមិទាំង៥នោះរួមមានភូមិរំចេក ភូមិថ្មី ភូមិទ្រៀល ភូមិនាងល្អ និងភូមិម្សៅ ខណៈដែលការប្រគល់អំណោយជូនប្រជាពលរដ្ឋនេះធ្វើឡើងនៅសាលាឃុំទ្រៀល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដោយក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ត្រីខកំប៉ុង១យួរ ទឹកស៉ីអ៉ីវ១យួរ និងទឹកត្រី១យួរ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងស្ថានភាពដែលប្រជាជនកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់នារដូវវស្សានេះ ខណៈរាជរដ្ឋាភិបាលក៏កំពុងដុតដៃដុតជើងចុះជួយប្រជាជនរងគ្រោះផងដែរ។

លោក ថោង ខុន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋយកចិត្តទុកលើបញ្ហាសុខភាព ការទទួលអាហារនិងទឹកស្អាត/ឆ្អិន ប្រុងប្រយ័ត្នចំពោះកូនចៅនិងទ្រព្យសម្បត្តិរបស់ខ្លួន។ លោកប្រធានបានណែនាំដល់អាជ្ញាធរភូមិ/ឃុំត្រូវគិតគូរបន្ថែមជូនប្រជាជន ពីព្រោះក្នុងរដូវទឹកជំនន់នេះ ការប្រុងប្រយ័ត្នចំពោះការលិចលង់ បញ្ហាសុខភាព ថ្នាំសង្កូវ និងបញ្ហាទឹកស្អាតនេះទៀតសោត គឺជាតម្រូវការដ៏សំខាន់សម្រាប់ប្រជាជន។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា ក្នុងគ្រោះទឹកជំនន់នេះបានធ្វើឡើងឱ្យឃុំទ្រៀលរងការប៉ះពាល់ស្រែស្រូវ១,០៤២ហិកតានៅក្នុងឃុំចំនួន៨ ដោយបានបង្កឱ្យលិចផ្ទះប្រជាពលរដ្ឋចំនួន៤៣៥គ្រួសារ ក្នុងនោះមានភូមិគោកត្របែក៣៧០គ្រួសារ និង៥ភូមិក្នុឃុំទ្រៀលចំនួន៦៥គ្រួសារ។

ចំពោះការខូចខាតស្រូវនេះ លោក ថោង ខុន បានណែនាំឱ្យអាជ្ញាធរឃុំ និងស្រុកថា ក្រោយពីបានទទួលស្រូវពូជពីរាជរដ្ឋាភិបាលហើយត្រូវចែកផ្តល់ជាបន្ទាន់ជូនប្រជាពលរដ្ឋ សម្រាប់ធ្វើនៅរដូវពេលទឹកស្រកវិញ ក៏ដូចជាការខិតខំរកពូជដំណាំផ្សេងៗជូនប្រជាពលរដ្ឋផងដែរ៕