(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជម្រាបលោក Patrik Andersson ប្រធានគណៈកម្មាធិការអភិវឌ្ឍសង្គមនៃ UNESCAP អំពីវឌ្ឍនភាពការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមិទ្ធិផលរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក ជាពិសេសនោះគឺកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលបានគាំពារនូវកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយគ្រោះពីការធ្លាក់ចូលនៅក្នុងភាពក្រីក្រ។

ក្នុងជំនួបខាងលើនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ ក៏បានជម្រាបអំពីវឌ្ឍនភាពនាពេលថ្មីៗនេះ ក្រសួងផែនការ បានប្រកាសឲ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាព គ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ យន្តការនេះនឹងចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រមូល ការគ្រប់គ្រងទិន្នន័យ និងចែករំលែកទិន្នន័យសម្រាប់ប្រើប្រាស់ក្នុងវិស័យគាំពារសង្គម។

លោក សំហេង បុរស បានលើកឡើងបែបនេះ ខណៈលោក បានអនុញ្ញាតឲ្យលោក Patrik Andersson ប្រធានគណៈកម្មាធិការអភិវឌ្ឍសង្គម នៃUNESCAP ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ នៅក្នុងឱកាសនោះ លោក សំហេង បុរស បានថ្លែងអំណរគុណដល់ UNECAP ដែលបានគាំទ្រដល់ដំណើការនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវាយតម្លៃលើកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ស្តីពីកិច្ចគាំពារសង្គមនៅកម្ពុជា។

លោកថា សិក្ខាសាលាពិគ្រោះយោបល់នេះគឺពិតជាមានសារសំខាន់ក្នុងការចែករំលែកនូវគំនិតផ្តួចផ្តើម និងការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវប្រព័ន្ធគាំពារសង្គមមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ព្រមទាំងពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ស្តីពីកិច្ចគាំពារសង្គម។

លោក Patrik Andersson ប្រធានគណៈកម្មាធិការអភិវឌ្ឍសង្គម នៃUNESCAP បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញ និងសម្រេចបាននូវប្រព័ន្ធគាំពារសង្គមមួយប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។

ទន្ទឹមនឹងនោះ លោក Patrik Andersson ក៏បានថ្លែងអំណរគុណចំពោះ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី៧ របស់គណៈកម្មាធិការអភិវឌ្ឍសង្គម នៃUNESCAP នាទីក្រុងបាងកកកាលពីខែកញ្ញា ឆ្នាំ២០២២ ដែលវត្តមាននៃការចូលរួមកិច្ចប្រជុំនោះពិតជាបានបញ្ហាពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមសហការអនុវត្តនូវប្រព័ន្ធគាំពារសង្កមទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល៕