(កណ្តាល)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលកន្លងមកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ព្រមងទាំង បានផ្តល់ពុទ្ធិ ហើយបានអប់រំប្រៀនប្រដៅពុទ្ធបរិស័ទឲ្យដឹងខុស និងដឹងត្រូវស្គាល់នូវអំពើបុណ្យអំពើដឹងបាប និងមានកត្តញ្ញូកត្តាធម៌ចំពោះអ្នកមានគុណ។

លោកបានថ្លែងដូចនេះ ក្នុងនាមតំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងលោកស្រី ប៉ែន ចន្នី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងដង្ហែរអង្គកឋិនទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

តាមរបាយការណ៍របស់លោក អភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងក្រុងតាខ្មៅ មានវត្ត ១៥វត្ត ព្រះសង្ឃ៧៩៤អង្គ អាចារ្យ៥៧នាក់ គណៈកម្មការវត្ត១០១នាក់ តាជី១៧នាក់ ដូនជី១១៥នាក់ និងក្មេងវត្តមានចំនួន៣៨នាក់ ក្នុងនោះមានវត្តធម្មយុទ្ធចំនួន១វត្ត និងមានសមាគមន៍វិប្បសិនា១កន្លែង។

លោកបានបញ្ជាក់ថា «រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំផ្ទាល់ បានខិតខំថែរក្សាការពារឱ្យបានដាច់ខាតនូវកត្តាសុខសនិ្តភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍទៅមុខឥតឈប់ឈរ។ ក្នុងនោះ វិស័យអាណាចក្រ និងពុទ្ធចក្រ មានការរីកចម្រើលូតលាស់ព្រមៗគ្នា»

លោកបន្តថា «ជាក់ស្តែង សុខសន្តិភាពដែលប្រជាជាតិកម្ពុជាទទួលបានមកដល់សព្វថ្ងៃនេះ ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាននោះទេ ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន មានឆន្ទៈការប្តេជ្ញាចិត្តខ្ពស់ និងសមត្ថភាពពិតប្រាកដ ក្នុងបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ។ ពិសេសជាងនេះទៅទៀត ការកៀងគរកជំនួយ និងបញ្ជាទិញវ៉ាក់សាំងជាច្រើន ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដោយបាននាំឱ្យមានការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ និងការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»

ជាមួយគ្នានេះ លោក ណុប រ័ត្ននិមល បានផ្តាំងផ្ញើដល់មន្ត្រីអាជ្ញាធរដែន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្តចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថភាពសាធារណៈ សន្តិភាព និងការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ដើម្បីឲ្យប្រទេសជាតិកម្ពុជាមានរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល តំណាង បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន វត្តប្រជុំនទី ហៅវត្តក្រពើហា មានចំនួន ១៦៩លាន ៩សែន ៩ម៉ឺន ៩ពាន់រៀល, ក្នុងនោះបច្ច័យរបស់នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី មានចំនួន ៨០លានរៀល និងបានឧបត្ថម្ភដល់រដ្ឋបាលក្រុងតាខ្មៅ ថវិកា ១លាន៥០ម៉ឺនរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនជូនព្រះសង្ឃ ចែកជូនដល់សីលវន្តសីលវត្តី សាស្ត្រាចារ្យពុទ្ធិកវិទ្យាល័យ មន្ត្រីរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង១០ លោកគ្រូអ្នកគ្រូ យុវជន បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលជាច្រើនទៀតផងដែរ៕