(កំពងស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា  បានផ្ដល់ប្រាក់បេឡាមរណសង្គ្រោះ ជូនដល់គ្រួសារសព​ដែលជាអតីតយុទ្ធជន ចំនួន៨គ្រួសារ ដែលក្នុងមួយ​គ្រួសារ​​ទទួលបាន៤​លានរៀល សរុបចំនួន៣២​លានរៀល។

​ការប្រគល់ជូននេះ ត្រូវបានធ្វើឡើង ក្នុងពិធីប្រកាសទទួលស្គាល់ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជាប្រធានថ្មី នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ បន្តពីលោកឧត្តមសេនីយ៍ទោ ឈឹម ប៊ុនធឿន ដែលត្រូវផ្លាស់ទៅកាន់ជាមេបញ្ជាការរងយោធភូមិភាគទី៣ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ក្នុងសាលាខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ទៅ ឈឹម  ប៊ុនធឿន បានឱ្យដឹងថា «កន្លងមក គ្រួសារសពក្នុងខេត្តកំពង់ស្ពឺ ដែលធ្លាប់បានទទួលប្រាក់បេឡាមរណសង្គ្រោះរបស់សម្តេចតេជោ ហ៊ុន សែន មានចំនួន៨៧នាក់ រួចមកហើយ ហើយការប្រគល់ជូនមាន ចំនួន៤លើក សរុបថវិកាមានចំនួន ៣១៦លានរៀល ។

បច្ចុប្បន្ន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ មានសមាជិកជាអតីតយុទ្ធជន សរុបចំនួន៥០៩៦នាក់ ក្នុងនោះ សមាជិកជាជនពិការ មានចំនួន១៥២១នាក់ សមាជិកនិវត្តជន មានចំនួន១១៤៥នាក់ សមាជិកជនបាត់បង់សមត្ថភាពការងារ មានចំនួន១២២នាក់ សមាជិកគ្រួសារពលី មានចំនួន២១២៣នាក់ សមាជិកគ្រួសារជនមរណៈ មានចំនួន ១៨៥នាក់»។

សូមជម្រាបថា ក្រោយពីមហាសន្និបាទតំណាងទូទាំងប្រទេស ក្នុងអាណត្តិទី២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា ជានាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានកែសម្រួលរចនាសម្ព័ន្ធ សមាគមអតីតយុទ្ធជនកម្ពុជា ពីថ្នាក់កណ្តាល រាជធានី-ខេត្ត ក្រុង-ស្រុក រហូតថ្នាក់ឃុំ-សង្កាត់ ដើម្បីពង្រឹងយន្តការ នៃការដឹកនាំឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា នូវសេចក្តីត្រូវការរបស់សមាជិកសមាគមអតីតយុទ្ធជន និងគ្រួសារ និងដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយផ្អែកតាមស្មារតីមហាសន្និបាទលើកទី២ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ មានទិសដៅជាយុទ្ធសាស្រ្តបន្តស្រង់ស្ថិតិ មុខសញ្ញាអតីតយុទ្ធជនប្រចាំខែ ដើម្បីដកប្រាក់ភាគទាន និងមរណសង្គ្រោះ ជូនបេឡាជាតិអតីតយុទ្ធជន។

មួយវិញទៀតសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានរៀបចំឯកសារស្រង់ទិន្នន័យស្ថានភាពអតីតយុទ្ធជន នៅតាមមូលដ្ឋាន ដើម្បីរៀបចំបញ្ជីឈ្មោះអតីតយុទ្ធជនទាំងនោះ ក្នុងបំណងដើម្បីឱ្យមានមូលដ្ឋានគ្រប់គ្រងឲ្យច្បាស់លាស់។

បើតាមរបាយការណ៍របស់មន្ទីរសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បើគិតមកទល់នឹងពេលនេះសមាគមន៍ នៅសលថវិការ ចំនួន២លានរៀល សម្រាប់ទ្រទ្រង់សមាគមន៍ ហើយសមាគមន៍ គ្រោងនឹងបង្កើតគណៈកម្មាធិការ ចុះប្រជុំតាមមូលដ្ឋានក្រុង-ស្រុក ដើម្បីប្រមូលមូលនិធិបន្ថែម ដើម្បីទុកសម្រាប់ទ្រទ្រង់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ៕