(ភ្នំពេញ)៖ ម្ចាស់ទូក២នាក់ និងអ្នកបើកម្នាក់ ដែលពាក់ព័ន្ធករណីលិចទូកបណ្ដាលឲ្យសិស្សស្លាប់១១នាក់ នៅស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានព្រះរាជអាជ្ញា សម្រេចអនុញ្ញាតឲ្យទៅផ្ទះវិញជាបណ្ដោះអាសន្ននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ប៉ុន្ដែនីតិវិធីតាមច្បាប់នៅបន្ដដដែល។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចឲ្យពួកគាត់ទាំង៣នាក់ ត្រឡប់ទៅផ្ទះវិញបណ្ដោះអាសន្ន ខណៈសំណុំរឿងនៅបន្ដតាមនីតិវិធីដដែល មិនមែនមានន័យថា មិនចាត់ការនោះទេ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងយ៉ាងដូច្នេះថា «ចំពោះករណីរឿងលិចទូក គឺឯកឧត្តមព្រះរាជអាជ្ញា អនុញ្ញាតឲ្យជនសង្ស័យទាំង៣នាក់ វិលត្រឡប់ទៅផ្ទះជាបណ្តោះអាសន្ន មិនមែនមានន័យថា ដោះលែង មិនចាត់ការនោះទេ ដោយមានអ្នកធ្វើកិច្ចសន្យាត្រឹមត្រូវ។ ដោយឡែក ចំពោះសំណុំរឿងនឹងបន្តចាត់ការតាមនីតិវិធីច្បាប់ គឺបានន័យថា មិនមែនមិនចាត់ការទេ»

សូមរំលឹកថា មនុស្ស៣នាក់ គឺម្ចាស់ទូកដរ២នាក់ ជាបងប្អូនបង្កើត និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូក បណ្តាលឲ្យស្លាប់កូនសិស្សចំនួន១១នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា មនុស្សទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

ទី១៖ ឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដរ
ទី២៖ ឈ្មោះ ឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដរ
និងទី៣៖ ឈ្មោះ ថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក។

សូមបញ្ជាក់ថា កាលយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ពេលពួកគេឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ករណីលិចទូកចម្លងដឹកកូនសិស្សនេះមានជនរងគ្រោះរួចផុតពីសេចក្តីស្លាប់៤នាក់, អ្នកស្លាប់១១នាក់ រួមមាន៖

A)៖ ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់

*ទី១៖ ឈ្មោះ ហេង ហ៊ុយ ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៧ (រស់)
*ទី២៖ ឈ្មោះ សូត រក្សា ភេទប្រុស អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៧ (រស់)
*ទី៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី៦ (រស់)
*ទី៤៖ ឈ្មោះ ហឿង កេសម៉ារីណា ភេទស្រី អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៨ (រស់)

B)៖ ឈ្មោះជនរងគ្រោះដែលស្លាប់

*ទី១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី២៖ ឈ្មោះ សុភ័ក្រ ភានុន ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៨
*ទី៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៧
*ទី៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៦
*ទី៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៨
*ទី៨៖ ឈ្មោះ ចិន្តា ជូលី ភេទស្រី អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៨
*ទី៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១១
*ទី១០៖ ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៧ (រកឃើញចុងក្រោយ)។

C)៖ អត្តសញ្ញាណអ្នកបើកទូក កម្មករទូក និងប្រជាពលរដ្ឋ២នាក់ទៀត ដែលនៅរស់រួមមាន៖

*ទី១៖ ឈ្មោះ ឡាយ ភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ (ប្រជាពលរដ្ឋរួមដំណើរលើទូក)
*ទី២៖ ឈ្មោះ លឿន ប្រុស ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ (ប្រជាពលរដ្ឋរួមដំណើរលើទូក)
*ទី៣៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរ
*ទី៤៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករបើកទូកដរទទឹង៕