(កំពង់ស្ពឺ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រារព្ធខួបទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ដែលប្រព្រឹត្តទៅនៅពហុកីឡាដ្ឋាន ខេត្តកំពង់ស្ពឺ។
នៅក្នុងអង្គមីទ្ទីងនេះ មានការនិមន្ត-អញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ អង្គភាព មន្ទីរ រោងចក្រ សហគ្រាស ក្រុមហ៊ុន ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ សប្បុរសជន និងប្រជាពលរដ្ឋសរុបប្រមាណ ២០០០នាក់ និងប្រមូលបានថវិកាជាបឋមចំនួន១២៤,៩០៥ដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បាននាំយកនូវប្រសាសន៍ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអង្គមីទ្ទីញទាំងមូល និងបានថ្លែងអំណរគុណ ចំពោះសប្បុរសជនជាតិ-អន្តរជាតិ ដែលជានិច្ចកាលគាំទ្រ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដើម្បីបន្តផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះនៅគ្រប់ទិសទី ព្រមទាំង បានរួមចំណែកធ្វើឱ្យកាកបាទក្រហមកម្ពុជា កាន់តែបំពេញបានល្អប្រសើរ នូវតួនាទីជាជំនួយការឱ្យ អាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ចំនួន៧ដូចជា៖
១-សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ត្រូវសហការល្អជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
២-ត្រូវបន្តចុះជាប់ តាមដានជាប្រចាំពីសភាពការណ៍ នៅមូលដ្ឋាន និងស្វែងយល់ឱ្យបានស៊ីជម្រៅពីភាពងាយរងគ្រោះ ដើម្បីត្រៀមបង្ការទប់ស្កាត់ និងមានវិធានការដោះស្រាយ ផលប៉ះពាល់ទាំងនោះ។
៣-ត្រូវយកចិត្តទុកដាក់ និងសហការឱ្យកាន់តែសកម្មថែមទៀត ក្នុងការគាំទ្រ និងផ្តល់លទ្ធភាពគ្រប់បែបយ៉ាងក្នុងការអប់រំ ផ្សព្វផ្សាយព័ត៌មានពីការការពារសុខភាព និងការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងនានា។
៤-គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយអង្គភាពពាក់ព័ន្ធ ត្រូវសហការស្វែងយល់អំពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ជាដើម -ល- ដើម្បីក្តាប់សភាពការណ៍ និងធ្វើផែនការព្យាករណ៍ទុកជាមុនអំពីផលប៉ះពាល់នានា។
៥-បន្តពង្រឹងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ដោយបង្កើនចំណេះដឹង និងជំនាញដល់ពួកគេ ដើម្បីក្លាយជាកម្លាំងដ៏រឹងមាំ ក្នុងកិច្ចប្រតិបត្តិការមនុស្សធម៌។
៦-ចូលរួមជាមួយអាជ្ញាធរ ជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។
៧-ត្រៀមរៀបចំសាងសង់ទីស្នាក់ការសាខា និងអនុសាខា ដែលពុំទាន់មានទីស្នាក់ការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពការងារ៕