(ភ្នំពេញ)៖ ស្របពេលជាមួយនឹងការប្រកាសហៅទណ្ឌិត សម រង្ស៉ី ជាពូជក្បត់ជាតិ៣ជំនាន់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសទៀតថា នឹងប្តូរផ្តាច់កម្ចាត់អ្នកដែលអនុវត្តន៍ផែនការរបស់ពូជក្បត់ជាតិ ៣ជំនាន់ផងដែរ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី នៅក្នុងវីដេអូមួយ បានថ្លែងសារថា នឹងវិលមកកម្ពុជាវិញនៅឆ្នាំ២០២៣ ក្នុងគោលបំណងមកផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ហើយលោកឆ្លៀតអុចអាលប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ គាំទ្រខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកពាក់ព័ន្ធទណ្ឌិត សម រង្ស៉ី ងើបមួយវ៉ៃមួយ។ សម្តេចតេជោ បន្តថា ក្នុងប្រវត្តិសាស្ត្រខ្មែរប្រមាណជា ៥០០ឆ្នាំនេះ មិនមាននរណាខូចជាងជនពូជក្បត់ជាតិ៣ជំនាន់នោះទេ។ ចំពោះគោលនយោបាយ «មានសែនអត់ស៉ី មានស៉ីអត់សែន» ដែលទណ្ឌិត សម រង្ស៉ី បានដាក់ចេញកាលពីឆ្នាំ២០០៣ សម្តេចនឹងអនុវត្តគោលនយោបាយនេះដូចគ្នា។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ហ៊ុន សែន នឹងប្តូរផ្តាច់កម្ចាត់ចោលនូវមនោគមន៍វិជ្ជាពូជអាក្បត់ជាតិ ៣ជំនាន។ ឥឡូវជិតដល់ខួបលើកទី២០ នៃការដែលអ្នកឯងដាក់ចេញ អត់ស៉ីមានសែន មានសែនអត់ស៉ី ហើយ។ ចាប់ផ្តើមពី ២០០៣ អ្នកឯងដាក់ចេញនូវគោលនយោបាយហ្នឹង ឥឡូវខ្ញុំក៏ទទួលអនុវត្តគោលនយោបាយហ្នឹងដូចគ្នា។ តែខ្ញុំមិនសម្លាប់អ្នកឯងទេ»។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចធ្លាប់ដាក់ជាគោលដៅ កម្ចាស់អង្គការចាត់តាំងនយោបាយ និងយោធា នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ហើយសម្តេចអាចធ្វើបាន។ ឥឡូវនេះ សម្តេចដាក់ចេញនូវគោលនយោបាយ កម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយម របស់ជនក្បត់ ៣ជំនាន់នេះវិញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកខ្មែរនៅក្នុងស្រុកថា កុំជាប់ពាក់ព័ន្ធជាមួយពូជក្បត់ជាតិ ៣ជំនាន់។
សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលទណ្ឌិត សម រង្ស៉ី ប្រកាសចូលមកកម្ពុជា ប៉ុន្តែមិនដែលធ្វើនោះឡើយ ពោលគឺបានត្រឹមតែបោកប្រាស់ទឹកចិត្តប្រជាជន ដែលចាញ់បោកខ្លួន តាមរយៈការផ្តល់ថវិកា៕